សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំបើកសាលារៀនឡើងវិញ យ៉ាងហោចណាស់នៅតំបន់ដែលគ្មានជំងឺឆ្លង ដើម្បីបញ្ជៀសពីការបោះបង់ចោលសាលារៀន និងគ្រោះភ្លេចអក្សររបស់កុមារ និងយុវវ័យ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងអប់រំ យុជននិងកីឡា ដឹកនាំការពិភាក្សា ជាមួយអភិបាលរាជធានី-ខេត្ត ដើម្បីឈានទៅបើកសាលារៀនឡើងវិញ យ៉ាងហោចណាស់នៅតំបន់ដែលគ្មានជំងឺឆ្លង ទាំងថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ  ដើម្បីបញ្ជៀសពីការបោះបង់ចោលសាលារៀន និងគ្រោះភ្លេចអក្សររបស់កុមារ និងយុវវ័យ។ក្នុងសារជាសំឡេងផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលខេត្ត-រាជធានី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា កន្លងទៅយើងបានបិទសាលារៀន សំដៅការពារចំពោះគ្រូបង្រៀនក៏ដូចជា កុមារា កុមារី សិស្សានុសិស្សនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះគឺជាការចាំបាច់ដើម្បីការពារអាយុជីវិតសម្រាប់គ្រូបង្រៀន យុវជន យុវនារី កុមាររបស់យើង។

សម្ដេចតេជោបន្តថា ប៉ុន្តែអាស្រ័យដោយពិនិត្យឃើញថា នៅក្នុងទូទាំងប្រទេសរបស់យើង ជំងឺកូវីដ បានឆ្លងដោយដាច់ដោយដុំ ហើយប្រមូលផ្ដុំនៅតាមទីប្រជុំជន និងទីក្រុងភាគច្រើន ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែសាលារៀនទាំងនោះក៏បានបិទផងដែរ។ សម្ដេចតេជោគូសបញ្ជាក់ថា «ដូច្នេះខ្ញុំស្នើឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្ដាខេត្ត រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង»។ សម្ដេចតេជោថ្លែងបន្តថា យើងកំពុងចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី១២ ទៅដល់១៧ឆ្នាំ ប្រមាណ២លាននាក់ យើងចាក់បានប្រមាណជា១លាន៥សែននាក់រួចស្រេចទៅហើយ។ បន្ថែមលើនោះដោយសង្កេតឃើញថា នៅតាមសាលារៀនជនបទរបស់យើងដែលពុំមានការឆ្លងជំងឺ យើងមានលទ្ធភាពបើកនៅសាលារៀននោះ ដោយមិនរង់ចាំថាទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើក ទាំងអស់នោះទេ។ យើងគួរជ្រើសរើសនៅតាមភូមិ តាមឃុំ ដែលពុំមានការកើតនៅជំងឺឆ្លងកូវីដ ឱ្យកុមារា កុមារីរបស់យើងបានចូលសិក្សា ដោយរក្សានូវគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យកុមារា កុមារីរបស់យើងបានចូលរៀន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា  យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែករវាងកន្លែងដែលឆ្លងជំងឺ និងកន្លែងដែលមិនឆ្លង នឹងអាចនាំសិស្សទៅដល់ការបោះបង់ចោលសាលារៀន ឬអាចឈានទៅដល់សិស្សភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត ទោះបីជាយើងបានបង្កើតការរៀនពីចម្ងាយ ដែលហៅថារៀនតាមអនឡាញនោះ ប៉ុន្តែជនបទរបស់យើង កុមារក្រីក្ររបស់យើង ពុំមានលទ្ធភាព និងពុំមានអីនធឺណិតនៅតាមសាលារៀននោះទេ។ ដូច្នេះស្នើឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ពិភាក្សាជាមួយ អភិបាលខេត្ត រាជធានី ធ្វើការពិនិត្យ ដើម្បីនឹងជ្រើសរើសសាលារៀន ដែលត្រូវបើកឱ្យរៀន ទាំងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្រិត១ កម្រិត២ នៅតាមជនបទ ដែលពុំមានការឆ្លងជំងឺ ដោយត្រូវអនុវត្តន៍នូវវិធានការសុខាភិបាល។ សម្ដេចតេជោបញ្ជាក់ទៀតថា សម្រាប់ទីប្រជុំជន ដែលមានការឆ្លងជំងឺកូវីដ១៩ ឬមានការឆ្លងតិច យើងអាចពិនិត្យអនុញ្ញាតឱ្យមានការរៀនបន្តទៅតាមអនឡាញ ឬរៀនទៅតាមស្ថានភាពគួបផ្សំ រវាងការរៀនដោយផ្ទាល់ ការរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ។ ដោយសារនៅទីក្រុង និងទីប្រជុំជន មានលទ្ធភាពច្រើន ដែលមានអីនធឺណែតអាចរៀនសូត្របាន យើងអាចគួបផ្សំគ្នារវាងកន្លែងដែលឆ្លងជំងឺតិច ហើយនៅពេលដែលកុមារា កុមារី យុវវ័យរបស់យើង បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ យើងអាចឈានទៅដល់ការបើកសាលារៀនរបស់យើងឡើងវិញ ហើយការបើកនេះ ត្រូវធានានូវសុវត្ថិភាព គម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល ដែលយើងត្រូវខិតខំដោះស្រាយបញ្ហានេះ ហើយចំពោះទីកន្លែងដែលមានការឆ្លងជំងឺច្រើន ក៏សូមបន្តការរៀនទៅតាមអនឡាញ ការរៀនពីចម្ងាយ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា «ខ្ញុំស្នើឱ្យរកគ្រប់វិធានការដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនផ្ទាល់ ដែលសំដៅឆ្ពោះទៅជនបទដែលពុំមានជំងឺឆ្លង និងបើកការរៀនដោយមានលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានការចាក់វ៉ាក់សាំងគ្រប់គ្រាន់»។សម្ដេចតេជោ ហ៊ុន សែន ថ្លែងឱ្យដឹងថា យើងមានអ្នកចាក់វ៉ាក់សាំង ដែលតាមស្ថិតិទទួលបានពីតាមបណ្ដាខេត្ត គឺចំនួនមនុស្សដែលត្រូវចាក់វ៉ាក់សាំង មានរហូតទៅដល់ ១២ ៦៦១ ៤៩៧ នាក់  ដែលក្នុងនោះបែកចែកជាមនុស្សអាយុពី១៨ឆ្នាំឡើង ចំនួន ១០ ៦៣១ ៥១២ នាក់   និងកុមារា កុមារី និងយុវវ័យរបស់យើង ចំនួន ២ ០២៩ ៩៨៥ នាក់  ដែលជាស្ថិតិខេត្តផ្ដល់ឱ្យ។ ឥឡូវកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងប្រមាណជា ជិត ១លានកន្លះ រួចស្រេចទៅហើយ ដែលគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ យើងចាក់បាន ១ ៤៥៣ ០២១ នាក់ ស្មើនិង៧១,៥៨ភាគរយ។ ដូច្នេះមិនយូរប៉ុន្មាន គឺសិស្សរបស់យើងនឹងទទួលបានដូសទី១ និងដូសទី២ ដែលពួកគេអាចមានភាពស៊ាំជាមួយនឹងវ៉ាក់សាំងគ្រូបង្រៀនរបស់យើង ដែលទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ទាំងដូសទី១ ទី២ ហើយនិងដូសជំរុញទៀតផង។ សម្ដេចតេជោមានប្រសាសន៍ថា«ខ្ញុំគិតថាសាលារៀននៅជនបទ សូម្បីតែបឋមសិក្សាដែលយើងមានក្មេងដែលមិនទាន់ដល់អាយុ១២ឆ្នាំ ក៏អាចចូលរៀនបានដែរ ព្រោះនៅទីនោះពុំមានការឆ្លងជំងឺទេ។ ខ្ញុំសូមស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្ដែងនៅតាមខេត្តនីមួយៗ កន្លែងណាមានលទ្ធភាពបើកបានគឺបើក កន្លែងណាដែលពុំមានលទ្ធភាពបើក គឺយើងឱ្យរៀនពីចម្ងាយ និងរៀនបែបចម្រុះ រវាងការរៀនដោយផ្ទាល់ និងការរៀនពីចម្ងាយ ដូច្នេះសូមពិនិត្យ បើមិនដូច្នោះទេ យើងនឹងស្ថិតក្នុងស្ថានភាពមួយបាត់បង់ឱកាសសម្រាប់កុមារ យុវវ័យ និងយុវជន
របស់យើង»។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ភាពសាំបាននិងកំពុងកើតនៅរាជធានីនៅភ្នំពេញ និងខេត្តកណ្ដាល ដែលរាជធានីភ្នំពេញ ការឆ្លងជំងឺមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លងក៏មិនបាននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះ គឺជាចំណុចវិជ្ជមានមួយសម្រាប់ការបើកឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំផងដែរ។ ដូច្នេះស្នើឱ្យឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងអប់រំ យុជននិងកីឡា ដឹកនាំការពិភាក្សាលើបញ្ហានេះឱ្យបានហ្មត់ចត់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ ហោចបំផុតបើកសាលារៀននៅតំបន់ដែលពុំមានជំងឺឆ្លង ជាពិសេសគឺនៅជនបទ ដើម្បីចៀសវាងកុមាររស់នៅជនបទរបស់យើង ក្លាយទៅជាជនរងគ្រោះពីជំងឺកូវីដ ក្នុងពេលដែលជនបទពុំមានកូវីដ ដូចនៅទីក្រុង ទីប្រជុំជននោះទេ។ យើងត្រូវអនុវត្តន៍ដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឱ្យបាន ដើម្បីយើងពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស។ បើមិនដូច្នោះទេកុមាររបស់យើងនឹងបោះបង់ចោលសាលារៀន ហើយក៏អាចឈានទៅដល់ការភ្លេចអក្សរ ក្នុងពេលដែលពួកគេមិបានរៀន រាប់ទាំងការរៀនពីចម្ងាយផងដែរ ដោយសារតែស្ថានភាពជនបទពុំមានអ៊ីនធឺណិត និងពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនឹងទទួលបាននូវការៀនតាមអនឡាញនោះទេ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register