អភិបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធជំងឺកូវីដ-១៩ និង រៀបចំសាលារៀនឡើងវិញ

Please log in or register to like posts.
ព័ត៌មាន

AKP កណ្ដាល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១–នៅរសៀលថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងកិច្ចប្រជុំត្រៀមបើកសាលារៀនឡើងវិញ ជាមួយររដ្ឋបាលស្រុក ក្រុង ទាំង១១ និង មន្ទីរជំនាញជុំវិញខេត្ត។

ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យសាលារៀនទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីត្រៀមរៀបចំក្នុងការបើកឱ្យចូលរៀនឡើងវិញនាពេលខាងមុខនេះ។ ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យអភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិច នៃជំងឺកូវីដ-១៩ ។ ដូច្នេះអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះរៀបចំឡើងវិញនូវ​ហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ក្នុងភូមិសាស្ត្រក្រុង-ស្រុករបស់ខ្លួន ពិសេសកន្លងមកសាលារៀនមួយចំនួន ត្រូវបានយក​ធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំឱ្យបានស្អាតឡើងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ​ជូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាផងដែរ ៕

ដោយ ណយ នឿន ​(ប្រភពៈ​រដ្ឋបាលខេត្តកណ្ដាល​)

You do not have permission to write comment on this post.

Log in Register