រដ្ឋាភិបាលឥណ្ឌា គាំទ្រគម្រោងស្ដីពីយុទ្ធនាការយល់ដឹងអំពីហានិភ័យតាម ប្រព័ន្ធអនឡាញរបស់កុមារនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ –លោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រ​​កម្ពុជា​បានចូលរួម ក្នុងពិធីបិទសិក្ខាសាលាស្តីពីការការពារកុមារតាមប្រព័ន្ធអនឡាញដែល ប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ ដែលរៀបចំដោយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ និងក្រសួងអប់រំយុវជន និងកីឡា  រាជរដ្ឋាភិបាលនៃ​ប្រទេសកម្ពុជា។ វគ្គសិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង“ យុទ្ធនាការយល់ដឹង អំពី​ហានិភ័យតាមប្រព័ន្ធអនឡាញនៃកុមារនៅកម្ពុជា” ដែលត្រូវបានផ្តល់មូលនិធិនិងគាំទ្រ ដោយរដ្ឋាភិបាលឥណ្ឌាក្រោមគម្រោងផ្តល់ផលរហ័ស (QIP)។ នេះបើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតឥណ្ឌា គម្រោងនេះមានគោលបំណងកាត់បន្ថយហានិភ័យធានា​បរិយាកាសសុវត្ថិភាពតាមអ៊ីនធឺណិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា។ ការយក​ចិត្ត​ ទុកដាក់ជាពិសេសត្រូវបានផ្តល់ដល់ក្រុមដែលងាយរងគ្រោះបំផុត គឺស្ត្រីនិងកុមារ ហើយ​ពួកគេអាចទទួលបានអត្ថប្រយោជន៍ស្មើគ្នានៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប។ ទាំងរដ្ឋាភិបាលឥណ្ឌានិងរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាហានិភ័យកុមារតាមអ៊ីនធឺណិតគឺជាបញ្ហាសង្គមចម្បងនៅក្នុងយុគសម័យឌីជីថលនេះ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងនេះរួមបញ្ចូលទាំងការផលិតវីដេអូឃ្លីប​ដែល​មានគុណភាព ខ្ពស់ចំនួន ៤ និងសម្ភារច្នៃប្រឌិតដទៃទៀតដែលទាក់ទង​នឹងហានិភ័យ​និងការការពារកុមារ តាមអ៊ិនធឺណិតហើយប្រើវានៅក្នុងយុទ្ធនាការយល់ដឹងឌីជីថល​ដែល​ផ្តោតលើឪពុកម្តាយ និងកុមារដែលឈានដល់គោលដៅដែលមានអ្នកទស្សនា ១ លាន​ដង។ ជាមួយនឹងគម្រោងនេះក៏បានបង្ហាញទាំងអន្តរាគមន៍រហ័ស​លើហានិភ័យកុមារ​តាម​អ៊ីនធឺណិត និងបានទទួលការឆ្លើយតបជាវិជ្ជមានក្នុងចំណោមកុមារនិងឪពុកម្តាយ។ តាម​រយៈ​គម្រោងនេះ សង្ឃឹមថាសមា្ភរ ផ្តល់ព័ត៌មាននឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វ​ផ្សាយ​​រយៈ​ពេលវែង។

លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាបានសម្តែងការពេញចិត្ត ចំពោះភាពជោគជ័យ​នៃ​គម្រោងនេះ ហើយលោកជំទាវបានកត់សម្គាល់ពីសារៈសំខាន់នៃការពង្រឹង​អំណាចឌីជី ថល និងតម្រូវការក្នុងពេលដំណាលគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនៃការគំរាម កំហែងតាមអ៊ីនធឺណិត ចំពោះកុមារក្រុមងាយរងគ្រោះ និងការរំលោភបំពានផ្លូវភេទ និង​ការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះអង្គការដៃគូក្រសួងអប់រំយុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាសម្រាប់កុមារ។

សូមជម្រាបជូនថា គម្រោងផលប៉ះពាល់រហ័សគឺជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការ​ទន្លេមេគង្គ-គង្គា (MGC)។ ចាប់តាំងពីឆ្នាំ ២០១៥-២០១៦ ប្រទេសឥណ្ឌាបាន​ជួយដល់ប្រទេសកម្ពុជានូវគម្រោងសេដ្ឋកិច្ចសង្គម ខ្នាតតូចលើវិស័យកសិកម្មសុខភាព​ការលើកកម្ពស់ស្ត្រីការពង្រឹងសមត្ថភាពអនាម័យបរិស្ថាន និងបច្ចេកវិទ្យាពត៌មានជា​ដើម​គម្រោងទាំងនេះទទួលបានការឆ្លើយតបច្រើន​លើសលប់​ហើយបង្កើតឱ្យមានភាពប្លែក ​និង​អាចមើលឃើញផលក្នុងចំណោមអ្នកទទួលផល។ ប្រទេសឥណ្ឌាបានអនុវត្តន៍​គម្រោង​ចំនួន ៣៩ រហូតមកដល់ពេលនេះគម្រោងចំនួន ២០ ត្រូវបានបញ្ចប់ និង ១៩ ទៀតកំពុង​ស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃការអនុវត្ត។ នៅឆ្នាំ២០២០-២០២១ រដ្ឋាភិបាលឥណ្ឌា នឹងសម្រេចផ្តល់គម្រោងចំនួន ១០ បន្ថែមទៀតដល់កម្ពុជា៕

You do not have permission to write comment on this post.

Log in Register