រដ្ឋមន្ត្រីក្រសួងអប់រំ៖ ឆ្នាំ២០២១ ដាក់ដំណើរការថ្នាក់អក្ខរកម្ម ជិត១ពាន់ថ្នាក់ និងមានអ្នកសិក្សាជាង២ម៉ឺននាក់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ —

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំ២០២១នេះ ក្រសួងអបរំ ដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ អនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ហើយមានអ្នកសិក្សាចំនួន ២៦.៩២០នាក់ ក្នុងនោះ ស្រី ចំនួន ១០.៣៤៨នាក់។

ថ្លែងក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះការសិក្សាពេញមួយជីវិត» នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា សមិទ្ធផលនៃការអនុវត្តកម្ម វីធីអក្ខរកម្ម វិជ្ជាជីវៈ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការ រួមគ្នាអនុវត្តន៍យុទ្ធនាការជាសកលពីក្រសួងអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំង កាយចិត្តរបស់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត និងក្រុម យុវជនស្ម័គ្រចិត្ត នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជាលទ្ធផលឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ ដែលបានអនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រ ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ ៣៩ថ្នាក់ មានអ្នកសិក្សាសរុប ២៦ ៩២០នាក់ ស្រីមាន ១០ ៣៤៨នាក់»។

ឯកឧត្តមក៏បានលើកឡើងថា ជាការពិតណាស់ កម្ពុជាកំពុងតែស្ថិតក្នុងសភាព ការណ៍មួយ ដែលមិនច្បាស់លាស់ដោយសារជំងឺកូវីដ-១៩ ដូច្នេះ ថ្នាក់អក្ខរកម្មនេះ និងការផ្តល់ឱកាសឱ្យយុវជនបានបន្តការសិក្សាពេញមួយជីវិញ ដោយត្រូវមានការ ថ្លឹងថ្លែងរវាង ការការពារអាយុជីវិត លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលទាមទារមាន គំនិតច្នៃប្រឌិត ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កម្មវីធីអក្ខរកម្មជាតិឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ «អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត» ក្នុងគោល បំណងឆ្លុះបញ្ចាំងឱ្យឃើញថា  ការរៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឱ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅអភិវឌ្ឍន៍ សមត្ថភាពខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញ ក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំង ចេះកែច្នៃបង្កើតនូវសម្ភារប្រើប្រាស់ ក្នុងសមាគម និងលក់ឱ្យភ្ញៀវទេសចរថែមទៀតផង។  ជាងនេះទៅទៀត អក្ខរកម្ម ក៏រួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍នា ឆ្នាំ២០១៦-២០៣០ ពិសេស ឈានទៅសម្រេចបាននូវគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម «យុទ្ធសាស្រ្តកំណើនថ្មី» របស់កម្ពុជា៕

ដោយ​អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register