អនុវិទ្យាល័យ និងវិទ្យាល័យចំននួន ១៤០ នៅទូទាំងខេត្តកណ្ដាល ត្រូវបានបើកឱ្យដំណើរការឡើងវិញ

Please log in or register to like posts.
ព័ត៌មាន

AKP កណ្ដាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ — ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកពិធីសាលាបង្រៀនឡើងវិញនៅ ទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តបានពិនិត្យ វាយតម្លៃ និងបានសម្រេចអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចាប់ពីថ្នាក់ទី៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារ(SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ឯកឧត្ដម គង់ សោភ័ណ្ឌ បន្តថា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សា កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនាពេលនេះ រដ្ឋបាលខេត្ត បានពិនិត្យលើលក្ខណៈសម្បត្តិ គ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា មានសាលារៀនចំនួន១៤០សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យ ចំនួន ៣៩សាលា។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវពង្រឹងយន្តការលើក កម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការចូលរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូរីដ-១៩ ត្រូវមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំង សាលារៀន រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។ បន្តអនុវត្តន៍ឱ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល គោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលបានឱ្យដឹងថា សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបែងចែកក្នុងមួយ១ថ្នាក់ មានសិស្សចំនួន១៥នាក់ ហើយ សិស្សសរុបរួមទូទាំងខេត្តមានចំនួន ៣៩. ៩៩៤នាក់៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល)

You do not have permission to write comment on this post.

Log in Register