មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំណែនាំដល់គ្រប់មន្ទីរអប់រំ ធ្វើការវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា ធ្វើការវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំ​ប្រកប​ដោយសមធម៌ បរិយាប័ន្ន ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រោយកូវីដ-១៩។ ការណែនាំនេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានី ខេត្ត”​ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងអំពីយន្តការ​គន្លឹះក្នុងការ​ផ្តល់​សេវាអប់រំដល់សិស្សឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដោយផ្តោតលើលទ្ធផលនៃការសិក្សា​របស់សិស្ស ការរៀបចំអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងអភិក្រម ៣កុំ ៣កាពារ ការ អនុវត្តទស្សនាទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ការអនុវត្តកម្មវិធីសិក្សាបង្រួញ។ ទន្ទឹម​នេះ ធានានូវ​ភាពសក្តិសិទ្ធិនៃការដឹកនាំគ្រប់គ្រង ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ការ​ពង្រឹងសក្តានុពលរបស់គ្រឹះស្ថានសិក្សា និងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បី​ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំប្រកបដោយសមធម៌។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់នូវអនុសាសន៍ដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំរាជធានី ខេត្ដ ពិនិត្យលទ្ធផល សម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ តាមអនុវិស័យ ប្រព័ន្ធអប់រំ ទាំងមូល និងការវិភាគអំពីកំណែទម្រង់វិស័យអប់រំ និងកែសម្រួល ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ ដោយកែសម្រួលយុទ្ធសាស្ត្រ សូចនាករ ចំណុចដៅ និងការធ្វើ ចំណោល តម្រូវការធនធានអប់រំចាប់ពីឆ្នាំ២០២១-២០២៥។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត​សភា​ចារ្យក៏បានជំរុញឱ្យពិនិត្យមើលបន្ស៊ីកំណែទម្រង់អាទិភាពនានារបស់ក្រសួងទៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំដែលបានកែសម្រួលថ្មី និងកំណត់អាទិភាពថ្មីៗ ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ឌីជីថល ឱ្យស្របទៅនឹងផែនការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានបន្ថែមថា ស្ថិតក្នុងដំណាក់កាលនេះ បញ្ហា​សំខាន់គឺត្រូវផ្តោតលើបញ្ហាសុខភាពជាចម្បង នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​ការអប់រំ។ ឯកឧត្តមក៏បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍ចូលរួមរៀបចំ និងផ្តល់ធាតុចូល​ជាមួយ​ថ្នាក់រាជធានី ខេត្តដើម្បីឱ្យរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលអណត្តិ នៃការអនុវត្ត ផែនការ យុទ្ធសាស្ត្រវិស័យ២០១៩-២០២៣នេះ មានគុណភាព គ្រប់ជ្រុងជ្រោយ និងអាច​អនុវត្តន៍បាន និងបានអំពាវនាវដល់ប្រធានមន្ទីរអប់រំតាមរាជធានី-ខេត្តជួយបន្តផ្សព្វ​ផ្សាយ​ដល់សិស្សានុសិស្សដែលមានក្រុមអាយុពី១២ ដល់១៧ឆ្នាំ ដើម្បីចូលរួមចាក់វ៉ាក់សាំងទប់​ស្កាត់​ការ​រីករាលដាលជំងឺកូវីដ-១៩ និងលើកទឹកចិត្តបុគ្គលិកអប់រំថែររក្សាសុខភាព អនាម័យ ការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យចៀសចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការអនុវត្ត ៣កុំ និង៣ការពារ។

សូមជម្រាបជូនថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង វាយតម្លៃអំពីវឌ្ឍន​ភាព​នៃការអនុវត្ត​ផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក វាយតម្លៃ​អំពីប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បី​ឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ។ កែសម្រួល អាទិភាព យុទ្ធ​សាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃ​ការរីករាល​ដាល​នៃជំងឺកូវីដ-១៩ និងការធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តន៍​ផែនការ​យុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register