ចិនផ្ដល់ជំនួយជាវ៉ាក់សាំងង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជាជំហានទី៣ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងពិធីប្រគល់-ទទួលការមកដល់នៃ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម WANG Wentian បានថ្លែងថា  ដរាណាជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិនមកកម្ពុជា មិនអាចបញ្ឈប់បានឡើយ។  រដ្ឋាភិបាលចិន ផ្ដល់ជំនួយជាច្រើនមកដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូ វីដ-១៩។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ក្នុងនាមជាមិត្ត ដែកថែប និងសហគមន៍វាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈម ក៏ដូចជា ការលំបាកដែល មាននៅក្នុងប្រទេសកម្ពុជា ដែលជាបញ្ហាប្រឈមក៏ដូចជាការ លំបាករបស់ខ្លួន។

ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជាសម្ភារជូនដល់កម្ពុជា តាមលទ្ធភាព ដែលអាចធ្វើបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនប្រជាជនកម្ពុជា»។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានអះអាងថា ចិនបានគោរពតាមពាក្យសន្យា ដោយជួយផ្តល់ការគាំទ្រដ៏សំខាន់ សម្រាប់ការបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារអាយុជីវិតរបស់ប្រជាជន។ គិតត្រឹមថ្ងៃនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជាសរុបចំនួន២២,២លានដូស ដែលមានទាំងជំនួយ និងការផ្គត់ផ្គង់ តាមការបញ្ជាទិញ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា  ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន ពិតជាបានចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី “ដែលតា” ផងដែរ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា «ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ មិនស្ថិតស្ថេរដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួន ជាបន្តបន្ទាប់ ពិសេសនោះ មេរោគប្រភេទដែលតា បានកំពុងឆ្លងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត បានកំពុងផ្តោតយកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។ សម្តេចពិជ័យសេនាបន្តថា តាមរយៈយន្តការជាទ្វេភាគី ពហុគី ក្នុងភាពជាជំនួយមនុស្សធម៌ក្តី បញ្ជាទិញក្តី ដើម្បីធានាបានចំនួនវ៉ាក់សាំង គ្រប់គ្រាន់ទាន់ពេលវេលា តាមផែនការកំណត់ ជាមួយនឹងយន្តការដែលមាន ទើបថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុក្រោម១៨ឆ្នាំ និងបានចាប់ផ្តើមវ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់ មន្ត្រីបម្រើសេវាជួរមុខ នៅតាមព្រំដែន។ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គូសបញ្ជាក់ថា «វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ជាជំនួយរបស់រាជដ្ឋាភិបាលចិន ជូនដល់ក្រសួងការពារជាតិថ្ងៃនេះ ពិតជាបានចូលរួមចំណែក ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលផ្តល់ឱ្យជំនួយជាបន្តបន្ទាប់ ជាច្រើនផ្សេងទៀត»។

គួររម្លឹកដែរថា នេះជាការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់របស់កម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺរាលដាលសកលកូវីដ-១៩។ មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងជិត២៥លានដូសហើយ ដោយគិតទាំងវ៉ាក់សាំងដែលបញ្ជាទិញ ជំនួយយន្តការទ្វេភាគី និងកូវ៉ាក់៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register