សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទSARS-CoV-2 (Sinopharm) ចំនួន១០ម៉ឺនដូសដល់កាកបាទក្រហមកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ —

ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ SARS-CoV-2 (Sinopharm) ចំនួន ១០០ ០០០ ដូស ដែលជាជំនួយរបស់ សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជាបានដឹកមកដល់កម្ពុជាហើយ ដែលពិធីប្រគល់ និងទទួលជំនួយដ៏ថ្លៃថ្លានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម WANG Wentian   ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌នេះ មិនថាក្នុងបរិមាណ គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និង បង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្រ្តសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឺទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍បន្តថា កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែង រវាងប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។ ជាងនេះទៀត ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និង ខិតខំជួយកម្ពុជា តាមគ្រប់រូបភាពក្នុងការធានានិរន្តរភាពកិច្ចអភិវឌ្ឍន៍សង្គម ដោយឈរលើ ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគូសបញ្ជាក់ថា ជាក់ស្តែងកម្ពុជា បាននិងកំពុងទទួលនូវជំនួយជាបន្តបន្ទាប់ពីមិត្តចិន ពោលគឺជាថវិកាហិរញ្ញប្បទាន ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ និងជាពិសេស វ៉ាក់សាំងនេះតែម្តង ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺ និងសម្រេចបានអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងជូនប្រជាជន។

គួរបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងជំនួយ និងការបញ្ជាទិញ សរុបប្រមាណជាង ២៤លានដូសហើយ ដោយក្នុងនោះវ៉ាក់សាំងមកពីប្រទេសចិនមានចំនួន ២១,៧លានដូស ខណៈជាង៣លានដូសទៀតជាជំនួយប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើមនោះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register