រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការសាងសង់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺបានគាំទ្រដល់ភាពជាសហគ្រិន និងសម្រាប់ធុរកិច្ចថ្មី នៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ —ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន​និងកីឡាបាន​លើក​ឡើងថា ការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺជាធាតុផ្សំដ៏សំខាន់​ក្នុង​ការ​គាំទ្រដល់ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មី នៅកម្ពុជា។ ការ​លើក​ឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលជាតិបណ្តុះ ធុរកិច្ច ថ្មីនៃកម្ពុជា នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ នៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី នៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទៅតាម ពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌល នេះគឺជាការគាំទ្រដល់ភាពជាសហគ្រិន និងធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា។

លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជាបានគូស​បញ្ជាក់​ថា សម្រាប់គម្រោងនេះក្នុងគោល បំណងគឺ បង្កើតគំរូ បណ្តុះអាជីវកម្ម និងបណ្តាញ ទីផ្សារនៅកម្ពុជា និង​គាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិន​ភាពវ័យក្មេង​នៅ​កម្ពុជា។ លោកបានបន្ដថា គម្រោងនេះក៏ធ្វើពិពិធកម្មឧស្សាហកម្ម និង​ជំរុញ​ឧស្សាហកម្ម នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៅកម្ពុជា ជាពិសេសដើម្បីភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ។

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី នៃកម្ពុជា (NICC) មានទំហំប្រហែល ២ ២០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣ ជាន់ មានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យ​ការងាររួម និងបន្ទប់ រៀនជាដើម។ ឯកឧត្ដមបន្ដថា ទាំងនេះនឹងបង្កើតនូវបរិយាកាស​ល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នក​ស្រាវ​ជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បី​បង្កើតនូវដំណោះស្រាយ ប្រកបដោយ​ភាពច្នៃប្រឌិត សម្រាប់សង្គមជាតិប្រទេស​កម្ពុជាយើង។

សូមជម្រាបជូនថា ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ មានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូជាច្រើន ហើយគម្រោងនេះ គឺបានគាំទ្រដោយរដ្ឋាភិបាលកូរ៉េ តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់ ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម​នៅកម្ពុជាដោយផ្ដល់ថវិកាសរុបជិត ៨ លានដុល្លារអាម៉េរិក៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register