ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកកាន់តែខ្ពស់ ជួយជំរុញដល់ការវិនិយោគរបស់ចិននៅអាស៊ាន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ –ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទាក់ទាញការចាប់អារម្មណ៍នៅទូទាំងពិភពលោក ជាពិសេសការប្រឆាំងទៅនឹងរឿងរ៉ាវនៅពីក្រោយភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nikkei ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន បានកត់ត្រាគម្រោងវិនិយោគថ្មីៗជាច្រើនពីប្រទេសចិននៅបណ្តាប្រទេសនៅអាស៊ាន ដោយបានលើកឡើងថា ប្រទេសចិនបានចំណាយច្រើនជាងសហរដ្ឋអាមេរិកក្នុងគោលបំណង « យកឈ្នះសហរដ្ឋអាមេរិកក្នុងការប្រជែងឥទ្ធិពលនៅតំបន់នេះ »។

នៅក្នុងរបាយការណ៍នេះបានឱ្យដឹងថា នៅក្នុងបញ្ជីនៃការវិនិយោគនេះរួមមានការវិនិយោគរោងចក្រផលិតបន្ទះសូឡាដែលមានតម្លៃ ១០,១ប៊ីលានដុល្លារអាម៉េរិក នៅក្នុងប្រទេសម៉ាឡេស៊ី និងការវិនិយោគផ្លូវល្បឿនលឿន (Hihgway) ដែលមានតម្លៃ ៥,១ប៊ីលានដុល្លារអាម៉េរិក នៅក្នុងប្រទេសឡាវ។  ជាការពិត ប្រទេសចិន គឺជាវិនិយោគិនដ៏សំខាន់មួយសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការបង្កើនការវិនិយោគពីប្រទេសចិននៅក្នុងតំបន់នេះ គឺផ្អែកទៅលើការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកកាន់តែខ្ពស់រវាងភាគីទាំងពីរ ជាជាងអ្វីដែលគេហៅថា “ជាការប្រជែងឥទ្ធិពល” ជាមួយសហរដ្ឋអាមេរិកឬជាមួយប្រទេសផ្សេងៗទៀត។

នៅក្មុងឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានកាត់បន្ថយយ៉ាងខ្លាំងនូវការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងពិភពលោករហូតដល់ប្រមាណ ៣៥ភាគរយនោះ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏រងគ្រោះដោយសារការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេសប្រមាណជា ២៥ភាគរយដែរ ហើយស្ថិតិខ្លះបានបង្ហាញថា ការវិនិយោគរបស់ប្រទេសចិននៅអាស៊ានបានកើនឡើង ៥២,១ភាគរយ ដែលមានតម្លៃរហូតដល់ ១៤,៣៦ប៊ីលានដុល្លារអាម៉េរិក។  ជាមួយនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកាកន្លងទៅនោះ គេរំពឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចផ្សេងៗរវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាននឹងត្រូវបានបង្កើនថែមទៀត។  តាមពិត សហរដ្ឋអាមេរិកក៏ជាវិនិយោគិនដ៏សំខាន់មួយនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែរ ជាមួយនឹងអត្រាកំណើននៃការវិនិយោគប្រចាំឆ្នាំ ១០ភាគរយ នៅក្នុងតំបន់នេះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានា។

ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអគ្នេយ៍ ផ្តោតសំខាន់ទៅលើវិស័យធនធានរ៉ែ និងបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែមិនសូវមាន​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាចំណុចខ្វះខាតដ៏លេចធ្លោបំផុតមួយសម្រាប់ការអភិវឌ្ឍតំបន់នេះ ។  ផ្ទុយទៅវិញ ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានទទួលបាននូវការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងធំធេងនៅក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យប្រទេសចិនឈានមុខគេទាំងលើបទពិសោធន៍សាងសង់ ទេពកោសល្យ ក៏ដូចជាដើមទុនវិនិយោគ។

បើទោះបីជាសហរដ្ឋអាមេរិក រួមជាមួយបណ្តាប្រទេសអ្នកមាននៃក្រុមប្រទេស G7 ផ្សេងទៀត បានដាក់ចេញកាលពីពេលថ្មីៗនេះនូវអ្វីដែលហៅថា គំនិតផ្តួចផ្តើមនៃការបង្កើតឡើងវិញនៃពិភពលោកដែលមានលក្ខណៈប្រសើរជាងមុន (Build Back Better World) ដោយផ្តោតសំខាន់ទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏ផែនការដែលត្រូវបានគេចាត់ទុកថា ជាគូប្រជែងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិននោះ ស្ទើរតែមិនអាចក្លាយជាផ្លែផ្កាណាមួយទេ ដោយសារបញ្ហាប្រឈមដ៏ធំដែលពួកគេបានជួបប្រទះក្នុងការជំរុញការចូលរួមពីដើមទុនឯកជន។  វាជារឿងធម្មតាទេ ព្រោះការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាមទារនូវការវិនិយោគទឹកប្រាក់ធំ ដែលមានរយៈពេលទទួលផលត្រលប់វិញយូរ។

ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ មិនមែនជាកត្តាជំរុញតែមួយគត់ដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ ភាគីទាំងពីរមាន ប្រវត្តិនៃកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងទទួលបានប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម។  មិនត្រឹមតែប៉ុណ្ណោះ អាស៊ានបានវ៉ាដាច់សហភាពអឺរ៉ុបក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនកាលពីឆ្នាំមុន ហើយនៅពេលបច្ចុប្បន្ននេះ ជាមួយនឹងកិច្ចព្រមព្រៀង RCEP ដែលនឹងចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនចិនប្រមាណជិត ៩០ភាគរយ ដែលបានចូលរួមក្នុងការស្ទង់មតិ បានបង្ហាញពីបំណងក្នុងការពន្លឿនការវិនិយោគនៅក្នុងបណ្តាប្រទេសនៅអាស៊ាន។ នេះបើយោងតាមរបាយការណ៍មួយដែលធ្វើឡើងដោយធនាគារ Standard Chartered ។

មិនថាសហរដ្ឋអាមេរិកមានបំណងក្នុងការបង្កើនការវិនិយោគនៅក្នុងតំបន់នេះឬក៏អត់នោះទេ ក៏កំណើននៃការវិនិយោគរបស់ចិននៅអាស៊ានត្រូវបានជំរុញដោយសារភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ភាគីទាំងពីរដែរ។  វាជារឿងដែលល្អ ដែលបណ្តាប្រទេសអភិវឌ្ឍបង្កើនការវិនិយោគដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងអំឡុងពេលស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ប៉ុន្តែការចាប់ផ្តើមការប្រកួតប្រជែងដែលមានផលបូកស្មើសូន្យ (zero-sum games) ចំពោះប្រទេសចិននៅក្នុងតំបន់នេះ វាមិនសមស្របទៅនឹងការអភិវឌ្ឍតំបន់នេះទេ ហើយសមាជិកអាស៊ានក៏បានដឹងច្បាស់ណាស់អំពីបញ្ហានេះដែរ។

អត្ថបទនេះត្រូវបានចងក្រងដោយផ្អែកទៅលើបទសម្ភាសន៍មួយជាមួយលោក Xu Liping នាយកមជ្ឈមណ្ឌលសិក្សាសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

ដោយសារព័ត៌មាន Global Times ចុះផ្សាយ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១

(បកប្រែដោយលោក យា ចិន្តាខន្តី)

You do not have permission to write comment on this post.

Log in Register