ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ(GMS) វាយតម្លៃខ្ពស់ចំពោះការឆ្លើយ​តប​​របស់​ប្រទេសនីមួយៗ ចំពោះជំងឺរាត្បាតកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ –ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ(GMS) បានវាយតម្លៃ​ខ្ពស់ ចំពោះការឆ្លើយតបរបស់ប្រទេសនីមួយៗ នៃជំងឺរាត្បាតកូវីដ-១៩ ក៏ដូចជាការត្រៀម​លក្ខណៈជាស្រេច ក្នុងការប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅ​ក្រោម​កម្មវិធី GMS ដើម្បីអនុវត្តន៍សកម្មភាពរួមគ្នា និងកាត់បន្ថយផលប៉ះពាល់ រួមមាន​សកម្មភាពសហប្រតិបត្តិការទាន់ពេលវេលានៅក្នុងក្រុមការងារវិស័យសុខាភិបាលនៃមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសម្រាប់ការឃ្លាំមើលប្រកប ដោយ​ប្រសិទ្ធភាព ការទប់ស្កាត់ការរាលដាល ការព្យាបាលនិងការគ្រប់គ្រង និងការបង្កើន​ការ​យលដឹងជាសាធារណៈអំពីជំងឺនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមនៃ កិច្ច ប្រជុំកំពូលមហាអនុតំបន់មេគង្គ៖ ការពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហា ប្រឈមនៃ ទសវត្សរ៍ថ្មី ចេញផ្សាយក្រោបញ្ចប់កិច្ចប្រជុំ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរា ជា​ណាចក្រកម្ពុជាថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ បានលើក ឡើងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ របស់យើងថ្ងៃនេះ យើងបានអនុម័តលើ​ក្រប​ខ័ណ្ឌ យុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបីសម្រាប់កម្មវិធីសហប្រតិបត្តិការមហា អនុតំបន់ មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថាឯកសារនេះនឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវ​បញ្ហាប្រឈមស្មុគស្មាញថ្មីៗក្នុងទសវត្សរ៍នេះ។ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ រៀង​រាល់​បីឆ្នាំម្តង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ។ នៅក្នុងការចាប់ផ្តើមទសវត្សរ៍ថ្មីនេះ​ក្រោមវិបត្តិ​ដ៏ស្មុគ​ស្មាញមួយ ដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់​ដែល​អូស​បន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈនិងសេដ្ឋកិច្ច។

សម្ដេចតេជោបន្តថា  ឥឡូវនេះទោះបីជាមានវ៉ាក់សាំងដែលជាពន្លឺនៃក្តី​សង្ឃឹមក៏​ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ដើម្បី​​ គ្រប់គ្រងជំងឺរាតត្បាតនេះ និងស្តារសេដ្ឋកិច្ចរបស់យើង ឱ្យមានប្រក្រតីភាពពេញលេញ​ឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ខណៈពេលដែលក្រប​ខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាង ត្រឹមត្រូវហើយក្តី ឥឡូវនេះ នៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុង​ស្ដែង​ចេញឡើង ដែលនឹងតំរាមកំហែងដល់ពិភពលោកទាំងមូល។ សម្ដេចតេជោបានថ្លែងថា «យើងកំពុងត្រូវបានព្រមាន​អំពី ភាពអាសន្ននៃអាកាសធាតុ ដោយយើងកំពុងទទួលរង​ផលប៉ះ​ពាល់​ជាក់ស្តែងពីគ្រោះ​មហន្តរាយធម្មជាតិផងដែរ»។ សម្តេចតេជោបន្តទៀតថា យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាពនិងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមាន​លក្ខណៈជាឯកតោភាគីនិយម។ ទោះជាយ៉ាងណាបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់ និងសមត្ថភាពឆ្លើយតបរបស់ យើងម្តងហើយម្តងទៀតក្នុងការចា​ត់​វិធានការជាក់ស្តែងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ សម្តេចតេជោ ហ៊ុន សែន គូស​បញ្ជាក់ថា យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នា​ជាង​ពេលណាៗទាំងអស់។ ការគំរាមកំហែងនិងបញ្ហាប្រឈម ដែលយើងជួបប្រទះ​គឺមាន​ផលរំខាន និងរាលដាលឆ្លងដែន ដូច្នេះយើងត្រូវធ្វើសកម្មភាពរួមគ្នា។ សម្តេចតេជោជឿ​ជាក់​ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងមានតម្លៃគួរឱ្យកត់សម្គាល់លើសពីការរួម​បញ្ចូលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួនក្នុងការដោះស្រាយបញ្ហារួម។

ក្នុងឱកាសនោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានជំរុញឱ្យទាំងអស់គ្នាប្ដេជ្ញា​ពង្រឹង​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងបន្តអនុវត្តន៍យុទ្ធសាស្ត្រ និងសកម្មភាពអាទិ​ភាពដែលមាននៅក្នុងឯកសារពីរដែលបានអនុម័តនៅថ្ងៃនេះ។ សម្តេចតេជោជឿជាក់ថា យុទ្ធសាស្ត្រទាំងនេះគឺត្រឹមត្រូវនិងត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃយ៉ាងច្បាស់លាស់លើបរិបទតំបន់និងពិភពលោកដោយប្រកាន់យកនូវដំណោះស្រាយដែលផ្អែកលើ​ចំណេះដឹងជាមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយជោគជ័យនឹងអាស្រ័យលើការអនុវត្ត​ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការតាមដានវឌ្ឍនភាព និងវាយតម្លៃ ជានិច្ចនូវស្ថានភាពផ្លាស់ប្តូរឆាប់រហ័សនិងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៨ នឹងត្រូវប្រារព្ធ​ធ្វើ​ឡើងនៅសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ២០២៤ បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ឆ្នាំ២០២១ ដោយមានការចូលរួមរបស់ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមាមានិតឡាវ ឯកឧត្ដម ឧត្ដមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចន្ទ័អូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​ឯកឧត្ដម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register