ឯកឧត្ដម Wang Yi រដ្ឋមន្ត្រីការបរទេសចិនបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ –ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ (ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានោះ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូការនៅកម្ពុជា ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិត ចិន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។ បន្ទាប់មកឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិនមានតម្លៃប្រមាណ ១៥០លានដុល្លារអាម៉េរិក ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងពេលទស្សកិច្ចនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម Wang Yi  ក៏បានអញ្ជើញធ្វើជាសាក្សី និងអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីសំខាន់មួយចំនួន០៦ ដែលក្នុងនោះរួមមាន  ទី១- លិខិត ប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញធរមីនកម្ពុជា និង ឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ទី២- កិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម វូ ជាំងហាវ (Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៣- លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្ដម ឈាន ខឹមីង (Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៤- កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ១ ៧៥០ ០០០ ០០០ យ័ន(ប្រមាណ ២៧០លានដុល្លារអាម៉េរិក) ចុះហត្ថលេខាដោយ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម តេង ប៉ូឈីង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិ។ ទី៥- លិខិតប្រគល់-ទទួល ថវិកាចំនួន ២,៥លានដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្ដម វង្សី វិស្សុត និងឯកឧត្ដម តេង ប៉ូឈីង (Deng Boqing) អនុប្រធានភ្នាក់ងារ អភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិ និងទី៦- កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេស មេគង្គ- ឡានឆាង ចុះហត្ថលេខាដោយ ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំង មានជំនួបអាហារការងារពេលព្រឹក ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងផងដែរ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិត ចិន មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕

ដោយ
ជឹម ណារី

You do not have permission to write comment on this post.

Log in Register