វិភាគ៖ គ្មានអ្វីត្រូវមន្ទិលសោះឡើយចំពោះមិត្តភាពដែកថែបរវាងចិន និងកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ –ព្រឹត្តិការណ៍ថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍ រំភើប និងភ្ញាក់ផ្អើល គឺដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិនមកកាន់កម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលបានហុចផលយ៉ាងធំសម្បើមមិនគួរឱ្យនឹកស្មានដល់ ក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា និងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែបយ៉ាងពិតប្រាកដ។

នៅក្នុងជំនួបរវាងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃទី១២ កញ្ញា ២០២១ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីមធ្យោបាយធ្វើយ៉ាងណាឱ្យពង្រឹងបន្តទៀតនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទាំងវិស័យនយោបាយ ការពារជាតិ សន្តិសុខ ការងើបឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាដើម។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការពង្រឹងវិស័យទេសចរណ៍ វប្បធម៌ សិក្សាធិការ និងសុខាភិបាលសាធារណៈផងដែរ។ ជាពិសេសភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហាអន្តរជាតិមួយចំនួន ដោយបានប្តេជ្ញាគាំទ្រដល់ពហុភាគីនិយម គាំទ្រលើសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពក្នុងតំបន់ និងលើសកលលោក។ ភ្ជាប់ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី បានសន្យាថានឹងជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់កម្ពុជាចំនួន ៣លានដូសបន្ថែមទៀត ហើយឯកឧត្តមក៏មិនភ្លេចរំឭកផងដែរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំពោះចិនថា ក្រោយពីជំងឺកូវីដ១៩ បានផ្ទុះឡើង នៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរបញ្ច្រាសទិសទៅទស្សនកិច្ចប្រទេសចិន ក្នុងខណៈដែលបណ្ដាប្រទេសផ្សេងៗបានបិទជើងហោះហើរជាមួយចិន ហើយបន្ទាប់ពីកម្ពុជាបានផ្ទុះកូវីដ ១៩ ចិនក៏ចាប់ផ្ដើមជួយកម្ពុជាទាំងផ្នែកស្មារតី សម្ភារ និងបច្ចេកទេស… ផងដែរ។ ឯកឧត្តមក៏បានបន្ថែមថា ភាគីចិននឹងបន្តគាំទ្រសម្ដេចតេជោដឹកនាំគណបក្សប្រជាជនកម្ពុជា បន្តការងាររាជរដ្ឋាភិបាលដោយរលូន ជួយកម្ពុជារក្សានូវវឌ្ឍនភាពជាតិ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងបច្ចេកវិទ្យា ៥G ជាដើម។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រោយពីឯកឧត្តម វ៉ាង យី បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃដដែលហើយនោះ  សម្ដេច ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ ដែលក្នុងនោះរួមមាន៖ ១-លិខិតប្រគល់-ទទួលសម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន, ២-កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ, ៣-លិខិតប្រគល់-ទទួលបរិក្ខារដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត, ៤-កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២៧០លានដុល្លារអាមេរិក, ៥-លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា, ៦-កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង។ លទ្ធផលទាំងនេះត្រូវបានសបញ្ជាក់ឱ្យឃើញយ៉ាងពិតប្រាកដដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពល្អ ដែលទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយតែងតែខ្វល់ខ្វាយ និងជួយជ្រោមជ្រែងគ្នាដើម្បីភាពរីកចម្រើនទាំងអស់គ្នា ហើយដែលសំខាន់ គឺរួមវាសនាតែមួយជាមួយគ្នា។

នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនដល់ប្រទេសកម្ពុជានាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដដែលនោះ នៅក្នុងបរិបទនៃទំនាក់ទំនងជាមិត្តល្អ មិត្តពិត និងជាមិត្តដែកថែប ដែលសន្យាថានឹងចាប់ដៃគ្នាលើកស្ទួយតម្កល់នូវក្ដីស្រឡាញ់ និងការគោរពគ្នាយ៉ាងអស់ពីចិត្តពីថ្លើម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវដោយព្រះបិតាជាតិរបស់យើង ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន។ សម្ដេចបញ្ជាក់ ថា “យើងក្លាយទៅជាមិត្តដែលមានការជឿទុកចិត្ត យើងក្លាយទៅជាមិត្តក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ផ្ទាល់ បានហៅថានេះជាមិត្តភាពដែកថែប។ មិត្តភាពដែកថែបនៅទីនេះបើតាមនិយមន័យដែលខ្ញុំកាត់យល់ និងការយល់ដឹងរបស់ខ្ញុំ គឺនៅត្រង់ការ ជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សួរថា មានហេតុផលអ្វីដែលបណ្ដាលឱ្យសម្ព័ន្ធភាពកម្ពុជា និងចិនកាន់តែស្អិតរមួតវេញចូលគ្នាជាធ្លុងមួយបែបនេះ? គឺថាហេតុផលមួយក្នុងចំណោមហេតុផលដ៏វិជ្ជមានជាច្រើនដែលគួរឱ្យកត់សសម្គាល់នោះ គឺដូចអ្វី ដែលសម្តេចតេជោបានលើកឡើងថា “នេះជាគោលនយោបាយក្រៅប្រទេស បើនិយាយជារួមគឺរបស់ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដែលមានកុងសង់ស៊ីសខាងនយោបាយក្នុងទំនាក់ទំនងជាមួយ សាធារណរដ្ឋប្រជាមានិតចិន។…បញ្ហាកម្ពុជាបានទទួលផលនៅក្នុងក្របខណ្ឌនេះ វាមិនមែនដាច់ដោយឡែកពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានពីមុនមកនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្ គ្រប់ជ្រុងជ្រោយផង នៅក្នុងក្របខណ្ឌអាស៊ាន-ចិនផង ហើយជាពិសេសនោះគឺនៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ព្រមទាំងផ្លូវសូត្រសមុទ្រសត្សវត្សទី២១ផងដែរ”។ ដោយសារមិត្តភាពវេញចូលគ្នាជាធ្លុងមួយរវាងចិន និងកម្ពុជានេះ កាន់តែរឹងមាំ និងលេចធ្លោកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ពីមួយដំណាក់កាលទៅមួយដំណាក់កាល បានធ្វើឱ្យមានមនុស្សដែលមើលមកកម្ពុជាក្នុងក្រសែភ្នែកមិនត្រឹមត្រូវ មួយចំនួនឈ្ងោកឆ្ងល់យ៉ាងខ្លាំង ដោយគេភ្លេចគិតថាសន្ដានចិត្តជាមិត្តល្អពិតប្រាកដ មិនមែនស្ដែងឡើង ត្រឹមតែពាក្យសម្ដីនោះទេគឺត្រូវផ្សារភ្ជាប់នឹងការអនុវត្តផងដែរ ហើយកន្លងមកក៏មានជាឧទាហរណ៍ដែល យើងទាំងអស់គ្នាបានមើលឃើញយ៉ាងប្រត្យក្សស្រាប់ហើយថា មិត្តចិនពិតជាបានជួយជ្រោមជ្រែងកម្ពុជាយើងច្រើនសម្បើមដោយស្មោះសយ៉ាងពិតប្រាកដ ដោយមិនបានគិតថា កម្ពុជាយើងជាប្រទេសតូចតាច ជាប្រទេសក្រីក្រនោះទេ ហើយតែងតែផ្ដល់តម្លៃ និងកិត្តិយស ស្មើមុខស្មើមាត់ជាមួយគ្នា ដែលទង្វើនេះត្រូវ បានសម្តេចតេជោ ហ៊ុន សែន សម្តែងនូវការគោរព និងកោតសរសើរចំពោះទឹកចិត្តរបស់ចិនយ៉ាងខ្លាំង។ អ្វីដែលអាចពញាក់ស្មារតីយើង និងអាចយកជាគតិក្នុងការពិចារណានោះ គឺឃ្លាប្រយោគសម្ដេចដែលបានលើកឡើងថា “តើកម្ពុជាខាតបង់អ្វីដែលកសាងមិត្តជាមួយចិន ដែលមានប្រជាជន១ ៤០០លាននាក់ ខណ ដែលប្រទេសកម្ពុជាមានតែ ១៦លាននាក់នេះ!”។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ក៏បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយ យ៉ាងខ្លាំងផងដែរ ដែលបានចូលរួមមកធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន ហើយដែលត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៦០ លានដុល្លារអាមេរិក និងចំណាយពេលសាងសង់អស់រយៈពេលជាង៤ឆ្នាំ ហើយឯកឧត្តមសង្ឃឹមថា “ប្រជាជន​ និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករ កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣”នេះ។ អ្វីដែលយើងមើលឃើញដោយជាក់ច្បាស់គឺថាសមិទ្ធផលនេះ អាចកើតឡើងបាន ដោយសារកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ដែលសហការគាំទ្រគ្នាទៅវិញទៅមក ក្រោមទិដ្ឋភាពឈ្នះឈ្នះទាំងអស់គ្នា ហើយបើតាមអ្វីដែលសម្ដេចតេជោលើកឡើង គឺសម្តេចមិននឹកស្មានថា ដោយសារទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ទទួលបានសមិទ្ធផលដ៏អស្ចារ្យបែបនេះនោះទេ។ ហើយសម្ដេចក៏មានមោទកភាពយ៉ាងខ្លាំងផងដែរចំពោះសក្ខីកម្មនៃការទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិននេះ ដែលមិនមែនត្រឹមសម្ដេចជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង នោះទេ ប៉ុន្តែជាមោទកភាពរបស់ប្រជាជនខ្មែរផងដែរ។ ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែបន្តអនុវត្តគាំទ្រ នយោបាយចិនតែមួយជាដាច់ខាត។

រួមសេចក្ដីមក តាមរយៈសមិទ្ធផលដែលបានមកពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក៏ដូចជាស្មារតីនៃចំណងមិត្តភាពជាប្រពៃណីដែលមានជាយូរយារ ហើយបន្តមកដល់បច្ចុប្បន្នដែលកាន់តែខ្លាំងក្លា និងរឹងមាំ ដែលភាគីទាំងពីរបានផ្ដល់រហស្សនាម ថា “មិត្តដែកថែប” នោះ គឺគ្មានអ្វីដែលធ្វើឱ្យថ្នាក់ដឹកនាំក៏ដូចជាប្រជាជននៃប្រទេសទាំងពីរមានមន្ទិលនៅក្នុងចិត្តសោះឡើយចំពោះមិត្តភាពដ៏ផូរផង់នេះ ហើយតាមរយៈលទ្ធផលជាវិជ្ជមានដ៏គួរឱ្យរំភើប និងស្ញប់ស្ញែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជាទំនាក់ទំនងទ្វេភាគីប្រកបដោយមោទកភាពយ៉ាងក្រៃលែង ដែលសមដូចប្រសាសន៍សម្ដេចបានបញ្ជាក់ថា “មិត្តភាពដែកថែបកម្ពុជា-ចិន គឺមានន័យថាមិត្តដែលទុកចិត្តគ្នា គ្មានពេលណារង្គោះរង្គើរវាងភាគីទាំងពីរនោះទេ ទោះបីត្រូវទទួលសំពាធពីអ្នកណាក៏ដោយ ដែលបន្ថែមន័យសង្កត់ទៅលើទំនាក់ទំនងក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ជាសារចុងក្រោយ ក្នុងនាមប្រជាជនកម្ពុជាក៏ដូចជាក្នុងនាមសម្ដេច សម្ដេចក៏បានជូនពរឱ្យទំនាក់ទំនងកម្ពុជា-ចិនស្ថិតស្ថេរជាអមតៈ៕

ដោយ ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

You do not have permission to write comment on this post.

Log in Register