តំណាងដៃគូអឺរ៉ុប៖ សេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧នឹងត្រូវបញ្ចប់សេចក្តីព្រាងបឋមនាចុងខែមករានេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ –តំណាងដៃគូអឺរ៉ុប បានឱ្យដឹថាសេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និង       សេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ នឹងត្រូវបញ្ចប់សេចក្តីព្រាងបឋមនាចុងខែមករា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមសម្រាប់ដាក់ពិភាក្សា និងប្រមូលធាតុចូល និងអនុសាសន៍ ក្នុងកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប-ដៃគូអឺរ៉ុបប្រចាំកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ។

ការបង្ហើបឱ្យដឹងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង តំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា (ឆែក, បារាំង, អាល្លឺម៉ង់, ស៊ុយអែត និងស្វីស) ដឹកនាំដោយលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និង   សហភាពអឺរ៉ុប-ដៃគូអឺរ៉ុប លើសេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ ។

តំណាងដៃគូអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពល្អប្រសើរដែលសម្រេចបានតាមរយៈវឌ្ឍនភាពនៃវិស័យ អាទិភាពចំនួន ៤ រួមមាន៖ ១) ការអភិវឌ្ឍវិស័យសង្គមកិច្ច, ២) ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និង        ចីរភាព, ៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង និងជនបទ និង ៤) អភិបាលកិច្ច និងអន្តរវិស័យ ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងសហព័ន្ធស្វីស សម្រាប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ តំណាងដៃគូអឺរ៉ុប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងគ្រប់ដៃគូអឺរ៉ុបទាំងអស់ប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ឈៀង យ៉ាណារ៉ា បានសម្តែងការសា្វគមន៍យ៉ាងកក់ក្តៅចំពោះតំណាងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាផ្ទាល់នាថ្ងៃនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានដ៏ល្អប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបទាំងអស់ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់, ការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩  និងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចនៅប្រទេសកម្ពុជានាពេលកន្លងមក ។

ជារួម ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ២០១៤-២០២០ ដៃគូអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ១ ៤០០ លានដុល្លារអាម៉េរិក (ហិរញ្ញប្បទានឥតសំណងចំនួន ១ ១០០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ ៣០០ លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបស្តីពីកិច្ចប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០២០ ។  ដោយឡែក ចំពោះការអនុវត្តកម្មវិធីណែនាំពហុឆ្នាំ២០១៤-២០២០ ដែលជាកម្មវិធីសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា, សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុបប្រមាណ ៤១០ លានអឺរ៉ូ សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន ៣ រួមមាន៖ វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ, វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យអភិបាលកិច្ច ។
គួរបញ្ជាក់ផងដែរថា ក្នុងចន្លោះឆ្នាំ១៩៩២-២០២០ ដៃគូអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន ១០ ព្រមទាំងសហព័ន្ធស៊្វីស) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ  ៤ ២០០ លានដុល្លារអាម៉េរិក សមមូល នឹង ១៩% នៃហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា ៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

You do not have permission to write comment on this post.

Log in Register