សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្ដមបណ្ឌិត ថងលូន ស៊ីសុលីត ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ។

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្ដមបណ្ឌិត ថងលូន ស៊ីសុលីត ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ។

ក្នុងលិខិតផ្ញើជូន ឯកឧត្ដមបណ្ឌិត ថងលូន ស៊ីសុលីត ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា  តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរ សាទរដ៏កក់ក្តៅបំផុតជូនចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ។ សម្ដេចតេជោគូសបញ្ជាក់ថា ការជ្រើសតាំងដ៏ស័ក្តិសមសម្រាប់ឯកឧត្តម ក្នុងមុខតំណែងកំពូលនេះ បានសបញ្ជាក់ឱ្យឃើញអំពីទំនុកចិត្ត និងការជឿជាក់ខ្ពស់របស់ប្រជាជនឡាវ ចំពោះសមត្ថភាពដឹកនាំ និងការលះបង់ក្នុងការបំរើជាតិមាតុភូមិរបស់ឯកឧត្តម ជាពិសេសក្នុងការដឹកនាំប្រទេសឡាវ ឆ្ពោះទៅរកវិបុលភាព និងអនាគតកាន់តែភ្លឺស្វាង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម សម្រាប់ការពូនជ្រុំទំនាក់ទំនងជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងអាណត្តិរបស់ឯកឧត្តមជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសយើង ដែលផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន មិនត្រឹមតែបានចូលរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់របស់យើង ព្រមទាំងពិភពលោកទាំងមូលផងដែរ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងនូវការប្តេជ្ញាចិត្ត នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកបន្តវេនពីឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ លើគ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ព្រមទាំងដើម្បីវិបុលភាពកាន់តែធំធេងរបស់សហគមន៍ អាស៊ាន និងសកលលោក៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register