ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ វ៉ាក់សាំងចិន នឹងបង្កើនជញ្ជាំងការពារសុខភាពដ៏រឹងមាំមួយ សម្រាប់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ — ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជាបានថ្លែងថា វ៉ាក់សាំងចិន នឹងអាចបង្កើនជាជញ្ជាំងការពារសុខភាព​ដ៏រឹងមាំ មួយ សម្រាប់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខណៈដែលវ៉ាក់​សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយជំហ៊ានទីពីររបស់ភាគីចិន​ជូន​ចំពោះភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៣១ ខែមីនាខាងមុខ។

ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ១៩ (Sinovac COVID-19 Vaccine) ដែលជាការបញ្ជា ទិញរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១លាន៥សែនដូស នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម Wang Wentian បានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ប្រជាជនចិន និងកម្ពុជាបានរួមសុខរួម​ទុក្ខ​ជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតជាគំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។ ឯកឧត្ដមបានបន្ដថា ដើម្បីឱ្យប្រជាជនកម្ពុជា ដែល​​ជាបងប្អូនរបស់ប្រជាជនចិន អាចប្រើប្រាស់វ៉ាក់សាំងកាន់តែឆាប់រហ័ស រដ្ឋាភិ​បាល​ចិនក៏បានផ្ដល់ជំនួយឥតសំណងជាវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៦០ម៉ឺនដូស ជូនដល់ភាគី​កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ទោះបីជាប្រទេសចិន​ក៏មានតម្រូវ​ការវ៉ាក់សាំងក្នុងប្រទេសជាបន្តបន្ទាប់យ៉ាងណាក្ដី។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអះអាងថា នេះគឺជាវ៉ាក់សាំងកូវីដជំហ៊ានទីមួយ ដែលភាគីកម្ពុជាទទួលបាន ហើយកម្ពុជាក៏បាន​ក្លាយ​ទៅជាប្រទេសមួយ នៅក្នុងចំណោមបណ្ដាប្រទេស ដែលបានទទួលវ៉ាក់សាំងមុន​គេនៅ​ក្នុងតំបន់អាស៊ាន។ ឯកឧត្ដមWang Wentian បានបន្ថែមថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូម​ជម្រាបជូនថា វ៉ាក់សាំងកូវីដ១៩ ចំនួន៧០ម៉ឺនដូសទៀត នឹងជំនួយជំហ៊ានទីពីររបស់​ភាគីចិនជូនចំពោះភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់ អំពីមិត្តភាពដ៏វិសេស​វិសាលរវាងចិន និងកម្ពុជា”។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានថ្លែងបញ្ជាក់ថា វ៉ាក់សាំកូវីដស៊ីណូវ៉ាក់ ចំនួន១លាន​៥សែនដូស ដែលបានប្រគល់ជូនប្រទេសកម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងកូវីដ១៩​ដែល​​កម្ពុជាបានបញ្ជាទិញលើកដំបូងបង្អស់ពីប្រទេសចិន បន្ទាប់ពីកម្ពុជាបានកំណត់​តម្រូវការ​បញ្ជាទិញវ៉ាក់សាំង ហើយយើងចំណាយពេលវេលាតែពីរសប្ដាហ៍ប៉ុណ្ណោះ បានបំពេញ​បែប​បទពាក់ព័ន្ធទាំងឡាយប្រកបដោយភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់បំផុត។ «ដោយគិតពិចារណាលើភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា និងចំណងមិត្តភាពរវាងចិន និងកម្ពុជា ក្រុមហ៊ុនចិនក៏បានផ្ដល់ជូនកម្ពុជានូវតម្លៃពិសេសបំផុត»។ នេះគឺជាការលើក​ឡើងបន្ថែមរបស់ឯកឧត្ដមWang Wentian។  ឯកឧត្ដមឯកអគ្គរដ្ឋទូតបានចាត់ទុកថា នេះគឺ​ជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩។  ជាមួយគា្ននេះ បើសិនជាវីរុសកូវីដ១៩​នៅតែបន្តរាត​ត្បាត​នៅក្នុងប្រទេសកម្ពុជា  កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា លើការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ នៅតែបន្តឥតឈប់ឈរដែរ។ ឯកឧត្ដមបានថ្លែងបន្ថែមថា “ខ្ញុំសូម​បញ្ជាក់​ថា ប្រទេសចិននូវតែបន្តផ្ដល់ការគាំទ្រ ដូចជាការផ្ដល់ជំនួយឥតសំណងដែល​ជាវ៉ាក់​សាំង​ដល់ភាគីកម្ពុជា ឬក៏ផ្ដល់ភាពងាយស្រួល ដល់ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានឱ្យដឹងដែរថា ចិន និងកម្ពុជា បន្តពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការវ៉ាក់សាំង មិនត្រឹមបង្ហាញឱ្យឃើញនូវចំណងមិត្តភាពដែកថែបរវាងចិន​និងកម្ពុជាតែ​ប៉ុណ្ណោះទេ ក៏ជាការអនុវត្តគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការ​ចាត់ទុកវ៉ាក់សាំងកូវីដ១៩ ជាផលិតផលសាធារណៈ។ នេះគឺជាការរួមចំណែកដ៏សំខាន់​របស់ចិន ក្នុងការជំរុញកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអញ្ជើញចូលរួមក្នុងពីធីទទួលវ៉ាកសាំង តំណាង​ឱ្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា  វ៉ាក់សាំង គឺជាមធ្យោបាយដោះ​ស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយ គួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវវិធាន​ការ «៣ ការពារ និង ៣ កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាត​ត្បាត​ជំងឺកូវីដ-១៩ ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេស ស្តារ​ជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស។ ឯកឧត្ដមបន្តថា ជាការ​ពិត ពុំមានប្រទេសណាមួយ មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ក្នុងពេលតែមួយ​ដំណាលគ្នាបានទេ។ ដោយសារសមត្ថភាពផលិតការចាក់វ៉ាក់សាំងតម្រូវឱ្យមានការរង់ចាំ មានវេន និងការធ្វើអាទិភាវូបនីយកម្មមុន និងក្រោយ។ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តបុរេសកម្ម ប្រឹងប្រែង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធានាឱ្យបាន​នូវការផ្គត់ផ្គង់ វ៉ាក់សាំងឱ្យបានឆាប់ និងគ្រប់គ្រាន់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​ស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទ ផ្សេងគ្នា គឺទី១- វ៉ាក់សាំង Sinopharm, ដែលបានមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស ចាប់​តាំងពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២១។ ទី២- វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០២១កន្លងទៅ ចំនួន ៣២៤ ០០០ ដូស និងទី៣- វ៉ាក់សាំង SINOVAC ចំនួន ១លាន៥សែនដូស ដែល ទទួល​​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ ដោយឡែក ចំពោះវ៉ាក់សាំង Covishield បន្ថែម​មួយចំនួនទៀត សម្រាប់ជំហានទី២ ដែលជាជំនួយពីយន្តការកូវ៉ាក់ (COVAX Facility) ក៏នឹងមកដល់កម្ពុជា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះ វ៉ាក់សាំងពីប្រភពទាំង២ ខាងលើ បូករួម ជាមួយវ៉ាក់សាំងបានពីការ​ទិញ​ផ្ទាល់ពី Sinopharm និង SINOVAC ក៏ដូចជាវ៉ាក់សាំង Covishield ឬ AstraZeneca ផលិត​នៅប្រទេសឥណ្ឌា ដែលកំពុងធ្វើការចរចាទិញផងដែរ នឹងមកដល់កម្ពុជាជា​បន្តបន្ទាប់​ទៀត ស្របទៅតាមផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដែរថា កម្ពុជាកំពុងសិក្សា និងទំនាក់ទំនងជាមួយក្រុមហ៊ុន Johnson & Johnson របស់អាម៉េរិក ដើម្បីទិញវ៉ាក់សាំង Janssen ពីក្រុមហ៊ុននេះផងដែរ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register