សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន ៨៧៥ ០០០ ដុល្លារ ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ​និងឆ្លើយតបនឹងគ្រោះមហន្ដរាយនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២១ –សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​​ដែល​ហៅកាត់​ថា USAID បាន​ប្រកាសផ្តល់​ជំនួយចំនួន ៨៧៥ ០០០ដុល្លារ បន្ថែមទៅ​លើជំនួយ​មនុស្សធម៌​របស់​ខ្លួន ដើម្បី​ពង្រឹង​លទ្ធភាព​​ត្រៀមបង្ការ​និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានា​នៅ​កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ USAID។

ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា​មាន​ប្រសាសន៍​ថា “ការបំផ្លិចបំផ្លាញបង្ក​ឡើង​ដោយ​​ទឹកជំនន់​ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុង​ការ​ត្រៀមខ្លួន​ដោះស្រាយ​ទៅលើ​ផលប៉ះពាល់​នៃគ្រោះមហន្តរាយធម្មជាតិ។ យើងមាន​មោទន​ភាព​ក្នុង​ការ​​ចូលរួមចំណែកកែលម្អ​ប្រព័ន្ធ​ឆ្លើយ​តបនឹងវិបត្តិ​ទាំងនេះ​​នៅ​​កម្ពុជា”។ ឯកឧត្ដម​បន្ដ​ថា ថវិកា​ដែល​ទទួល​​បាន​ពីការិយាល័យ​​ជំនួយមនុស្សធម៌​របស់ទីភ្នាក់ងារ USAID នេះ​ នឹង​ផ្ដល់​​លទ្ធភាព​​ឱ្យ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹង​បន្ថែម​​ទៅលើ​គម្រោង​ស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បី​​ត្រៀមបង្ការនិងឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដោយ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បាន​គាំទ្រតាំងពី​​ឆ្នាំ២០១៩ រហូត​ដល់ខែ​មីនា​ ឆ្នាំ២០២២ ។

លោក​ស្រី Claire CONAN តំណាងកម្មវិធី​ស្បៀងអាហារពិភពលោកបានបញ្ជាក់ថា “យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែម​ដល់ប្រទេស​កម្ពុជា​ដែល​​ប្រឈមនឹងវិបត្តិ​អាកាសធាតុ​ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត”។ លោកស្រីបន្ដថា ជំនួយនេះនឹងជួយដល់​ដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តន៍កិច្ចការ​មនុស្សធម៌​នៅថ្នាក់ជាតិ ​និង​ថ្នាក់​ក្រោមជាតិដើម្បីត្រៀមខ្លួន ​​និងឆ្លើយតប​ចំពោះ​វិបត្តិ​ទាំងនេះ ដោយ​ប្រើប្រាស់ព័ត៌មាន​ដើម្បី​ចាត់​សកម្មភាព ​និងបង្កើន​​កិច្ចសម្របសម្រួល​ការងារ​​​មនុស្សធម៌​​បានទាន់ពេលវេលា​។

ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០០ ០០០ ដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក​ ដើម្បីជួយដល់សហគមន៍រងគ្រោះ​ដោយទឹក​ជំនន់​នៅកម្ពុជា។ កម្មវិធីស្បៀងអាហារពិភពលោក​នឹងប្រើ​ជំនួយ​បន្ថែម​នេះ​​ដើម្បីពង្រឹង​សមត្ថ​ភាព​ដៃគូ​រដ្ឋាភិបាលនិងភាគីអនុវត្តន៍កិច្ចការ​មនុស្សធម៌តាមរយៈវិធីសាស្រ្ត ការសម្រប​សម្រួល​បច្ចេកវិទ្យា និង​ឧបករណ៍​នានា​​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងហានិភ័យ​នៃគ្រោះមហន្ត​រាយ។

ក្រោម​កិច្ច​សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការ​មិនមែនរដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិង​វិទ្យាសាស្ត្រ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹងពង្រឹង​​ប្រព័ន្ធព័ត៌មាន​សម្រាប់​គ្រប់គ្រងគ្រោះមហន្តរាយជាតិ​ដែលមានស្រាប់ ដែលមាន​ឈ្មោះ​ថាប្រព័ន្ធព័ត៌មាន​​​ទាន់ហេតុការណ៍​និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ (ឬ​ហៅ​កាត់ថា PRISM) ដោយកែលម្អ​​សមត្ថភាព​តាមដានគ្រោះវិបត្តិ​​អាកាសធាតុ ប៉ាន់ស្មាន​ផលប៉ះពាល់​​ទៅលើប្រជាជន និងកំណត់​គោលដៅ​ផ្ដល់​ជំនួយបន្ទាន់​ដល់កន្លែងដែលត្រូវការ​ជំនួយ​បំផុត។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងគាំទ្រដល់ប្រព័ន្ធប្រកាស​អាសន្ន​ជាមុន​អំពី​ទឹកជំនន់ គឺ ប្រព័ន្ធ​EWS1294 ដើម្បី​ជួយពង្រីកវិសាលភាព ​និងពង្រឹងសមត្ថភាព​មន្រ្តីមូល​ដ្ឋាននិងសហគមន៍​ដែលរង​ហានិភ័យ​ ដោយប្រើប្រាស់ព័ត៌មាន​ដើម្បី​សង្គ្រោះអាយុ​ជីវិត។

លោក​ស្រី Claire CONAN បានបញ្ជាក់បន្ថែមថា កម្ម​វិធីស្បៀងអាហារពិភពលោក​ក៏នឹងបន្តគាំទ្រដល់​វេទិកាឆ្លើយតបជំនួយមនុស្សធម៌ ដែល​ជាវេទិកាពហុវិស័យនិង​ចម្រុះ​ស្ថាប័ន​​ដែលសម្របសម្រួលសកម្មភាពត្រៀមបង្ការ​និង​ឆ្លើយតប​ទៅនឹង​គ្រោះ​អាសន្ន​ក្នុង​ចំណោមភាគីអនុវត្តន៍ការងារ​​មនុស្សធម៌ ដើម្បីរួមចំណែក​ដល់​សកម្មភាព​ថ្នាក់ជាតិ​ដែល​ដឹក​នាំដោយរាជ​រដ្ឋាភិបាល៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register