កីឡាការិនីស្នូកឃ័រការ៉ុម ស្រួង ភាវី រៀបចំព្រឹត្តិការណ៍ប្រកួតខ្លួនឯង នៅកូរ៉េ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១–

កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាស្នូកឃ័រការ៉ុម ដែលរស់នៅ និងប្រកបអាជីព នៅសាធារណរដ្ឋកូរ៉េ បានរៀបចំបង្កើតព្រឹត្តិការ ណ៍ប្រកួតខ្លួនឯងមួយឈ្មោះថា ការប្រកួតជើងឯកស្រួងភាវី (Sruong Pheavy Champion) ដែលអាចនឹងធ្វើឡើងនាខែកញ្ញា ឆ្នាំ២០២១ ក្រោយពេលស្ថានភាពកូវីដ-១៩ស្ងប់ស្ងាត់បន្តិច។

កីឡាការិនីដ៏ឆ្នើម និងល្បីល្បាញនៅកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” តាមសារអេឡិចត្រូនិកកាលពីយប់ថ្ងៃ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ​ត្រូវនឹងថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ថា ព្រឹត្តិការណ៍ប្រកួតស្នូកឃ័រ ការ៉ុមរបស់ខ្លននេះ ធ្វើឡើងនៅក្លិបផ្ទាល់ខ្លួន ស្ថិតនៅទីក្រុង Chungju ដែលបើកបាន១ឆ្នាំ ដែលគម្រោងការប្រកួតរបស់ខ្លួនជាលើកដំបូងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាក្លិប នានា រួមទាំងអាជ្ញាធរនៅទីនោះផងដែរ។ លោកស្រី ស្រួង ភាវី បន្ថែមថា តាមពិតការប្រកួតជើងឯកស្នូកឃ័រការ៉ុមស្រួងភាវីនេះ គ្រោងនឹងដំណើរប្រកួតនៅក្នុងខែសីហានេះ ប៉ុន្តែដោយ សារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ផ្ទុះឡើងវិញជាថ្មី ទើបអាជ្ញាធរនៅទីនោះសម្រេចឱ្យពន្យារពេលការប្រកួតបណ្តោះអាសន្ន។

ជាមួយគ្នានោះ កីឡាការិនី ស្រួង ភាវី ក៏បាន​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ស្នូក​ឃ័រ​កា​រ៉ុម​ជ្រើស​រើស​ជើង​ឯក PBA Team League 2021-2022ដែលព្រឹត្តិការណ៍នេះ ត្រូវបានពន្យារពេលបណ្តោះអាសន្នផងដែរ ដោយរង់ចាំការប្រកួតនៅវគ្គទី៣ជាបន្តទៀត ដោយការប្រកួតលក្ខណៈជាក្រុមនេះ មានប្រាក់រង្វាន់ជើងឯករហូតដល់ ១០ម៉ឺនដុល្លារអាម៉េរិក ឯណោះ។ លោកស្រី ស្រួង ភាវី ទើបនឹងឈ្នះជើងឯកពាន Blue One Resort LPBA Championship នៅកូរ៉េខាងត្បូត ដែលមានប្រាក់រង្វាន់ជ័យលាភី ១៧ ៥៧៩ដុល្លារអាម៉េរិក កាលពីខែចុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

កីឡាការិនីដ៏ឆ្នើម ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ បានរស់នៅកូរ៉េខាងត្បូងជាង១០ឆ្នាំមកហើយ និងបានចែករំលែកប្រាក់រង្វាន់របស់ខ្លួន បូករួមទាំងការស្វែងរកពីបណ្តាសប្បុរសជននានានៅទីនោះ ជួយដល់កិច្ចការសង្គមកម្ពុជាជាបន្តបន្ទាប់។ លោកស្រីលើកឡើងថា ទោះបីលោកស្រីរស់នៅទីណាក្តី ក៏លោកស្រីមិនដែលភ្លេចពីការចែករំលែកក្តីស្រឡាញ់របស់ខ្លួន ក្នុងការរួមចំណែកជួយដល់កិច្ចការសប្បុរសធម៌ នៅស្រុកកំណើតរបស់ខ្លួនដែរ ។ ជាពិសេសរាល់ការប្រកួតនៅកូរ៉េខាងត្បូង ក៏លោកស្រីតែងតែប្រកួតតំណាងឱ្យប្រទេសកម្ពុជាគ្រប់ពេលវេលាផងដែរ ដោយសារគ្រប់ការប្រកួតទាំងនោះតែងតែដាក់តាំងបង្ហាញនូវទង់ជាតិកម្ពុជាជានិច្ច។

លោកស្រីមានមោទនភាព ដែលកើតជាកូនខ្មែរ និងលេងតំណាងឱ្យជាតិកម្ពុជា បើទោះជាការប្រកួតក្នុងពេលនេះ កំពុងជាប់នៅក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ជាមួយក្រុមហ៊ុន Blue One Resort។ «ខ្ញុំបានប្រកួតកីឡាស្នូកឃ័រពានរង្វាន់ ជើងឯកពិភពលោកដ៏ធំបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃមិនសម្រាក ក៏នៅតែប្រឹងប្រែងដើម្បីជាតិកម្ពុជារបស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិដល់ខ្ញុំ។ ខ្ញុំអរគុណបងប្អូនជនជាតិខ្មែរ ដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយបានផ្ដល់កំណើតដល់ខ្ញុំ»។

នៅក្នុងកិច្ចជួយដល់ការងារសង្គមជិត១០ឆ្នាំមកនេះ ត្រូវបានលោកស្រីអះអាងថា កន្លងទៅលោកស្រីបានមកលេងស្រុកកំណើត ក្នុង១ឆ្នាំៗ ២ដង ហើយចំណាយថវិកាផ្ទាល់ខ្លួនចន្លោះពី ២ទៅ៣ម៉ឺនដុល្លារអាម៉េរិក បូករួមទាំងថវិកាដែលប្រមែប្រមូលបានពីសប្បុរសជនផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០២១នេះ លោកស្រីមិនបានមកកម្ពុជា ប៉ុន្តែលោកស្រីតែងតែផ្ញើថវិកាផ្ទាល់ខ្លួន ពី ៤ ០០០ ទៅ ៥ ០០០ដុល្លារអាម៉េរិកមកជួយដល់ការងារសប្បុរសធម៌ តាមរយៈគម្រោងមូលនិធិនៅកម្ពុជា ៕

ដោយហេង ណាលីន

You do not have permission to write comment on this post.

Log in Register