ក្រុមហ៊ុន Bluebell Group ប្រកាសដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួន​ក្នុងប្រទេស​កម្ពុជា សម្រាប់បណ្ដាញចែកចាយទំនិញតាមផ្សារទំនើប ឬហាងលក់រាយតាមប្រព័ន្ធឌីជីថល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ — ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោពហុ​បណ្ដាញល្បីៗ (omnichannel) ឈានមុខគេមួយរបស់អាស៊ីបានប្រកាសអំពីការដាក់ឱ្យ​ដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់បណ្ដាញចែកចាយទំនិញ​តាម​ផ្សារទំនើប ឬហាងទំនិញលក់រាយតាមប្រព័ន្ធឌីជីថល ចាប់ពីពេលនេះទៅ ដោយបន្ថែមនូវ​មជ្ឈ​មណ្ឌល​នៅក្នុងអាស៊ីចំនួនមួយបន្ថែមទៀតទៅលើបណ្ដាញទីផ្សារ​ចំនួនដប់ ដែលមាន​ស្រាប់​របស់ក្រុមហ៊ុន។

ក្នុងពិធីប្រកាសបើកដាក់ឱ្យដំណើរការសម្រាប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា នា ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានបង្ហាញអំពី​សេចក្ដី​សោម​នស្សរីករាយចំពោះការបើកទីផ្សារនៅក្នុងប្រទេស កម្ពុជា។ លោកបានលើកឡើងថា ប្រទេសកម្ពុជាគឺជាព្រំដែនថ្មីនៃផ្សារទំនើបលក់​រាយ ហើយក្រុមហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិ ថ្មីចុងក្រោយបំផុតចូលមកក្នុងទីផ្សារកម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍នេះ។ លោកបានបញ្ជាក់ ថា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Bluebell Group នឹងធ្វើការងារជាមួយនឹងដៃគូម៉ាកយី​ហោល្បីៗដែល​មានស្រាប់និងដៃគូថ្មីៗរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការនិងធ្វើការអភិវឌ្ឍ នៅ ក្នុងស្រុក។ លើសពីនេះទៅទៀត ក្រុមហ៊ុន ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង​ផ្សារទំនើប​លក់រាយនៅក្នុងសំណង់​មួយដ៏លេចធ្លោគឺអគារ The Peak ដែលស្ថិតនៅចំកណ្ដាលបេះដូង​រាជធានីភ្នំពេញ។ លោកក៏បានអះអាងដែរថា “បទពិសោធន៍នៃការគ្រប់គ្រងម៉ាក​យីហោ​ល្បីៗ​​របស់ក្រុមហ៊ុន Bluebell Group នឹងផ្ដល់ជូននូវជំនាញត្រូវការជាចាំបាច់ក្នុង ការច្នៃប្រឌិត​ផ្សារទំនើបដែលនឹងទាក់ទាញដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន”។

បើតាមលោក Pierre Balsan ចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់គម្រោងនេះ​គឺផ្ដោតជុំវិញ​“ហាងទំនិញលក់រាយដែលផ្ដល់នូវភាពងាយស្រួល” ដោយអតិថិជន​អាចធ្វើដំណើរមក​ដោយ​ផ្ទាល់ ឬទិញទំនិញតាមរយៈប្រព័ន្ធឌីជីថលប្រកប​ដោយភាពងាយស្រួលក្នុង​លក្ខណៈ​ជាការដើរទិញទំនិញតាមហាង និងសេវាអតិថិជនដែលមានភាពច្បាស់លាស់ ដើម្បីរួមចំណែកដល់ការធ្វើឱ្យបទពិសោធន៍ផ្សារទំនើបលក់រាយឈានដល់កម្រិតល្អឥតខ្ចោះរួមជាមួយនឹងការរៀបចំម៉ាកយីហោដែលចាំបាច់ក្នុងការទាក់ទាញទាំងភ្ញៀវទិញទំនិញក្នុងស្រុក និងភ្ញៀវទិញទំនិញរួចពន្ធ។ ដោយក្នុងនោះក៏មានទាំងម៉ាកយីហោបែបប្រណីត រចនាបទនៃការរស់នៅថ្លៃថ្នូរម៉ូតសម្លៀកបំពាក់ទាន់សម័យ ម៉ាក យីហោអាហារ និង ភេជ្ជៈព្រមទាំងគោលគំនិត​ដែលទទួលបានពីបទពិសោធន៍រាប់សិបឆ្នាំកន្លងមក។ 

សូមជម្រាបជូនថា ដោយមាននូវជំនាញវិជ្ជាជីវៈក្នុងប្រទេសដ៏រឹងមាំសម្រាប់ម៉ាកយីហោ ដែលព្យាយាម​ចូល ឬ ពង្រីកវត្តមាននៅក្នុងទីផ្សារធំៗនានានៃតំបន់អាស៊ី ក្រុមហ៊ុន Bluebell Group ផ្ដល់ជូននូវ​ផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែងស្បែកជើង សម្លៀកបំពាក់ គ្រឿង ក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ ជាដើម។

លោក Pierre Balsan បានបញ្ជាក់បន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេទៅ​លើផ្សារ​ទំនើបលក់រាយប្រណីត និងទាន់សម័យអស់រយៈពេលជាង ៦០ ឆ្នាំកន្លងមកនេះ បច្ចុប្បន្ន គ្រុបរបស់យើង ធ្វើប្រតិបត្តិការលើម៉ាកយីហោចំនួន ១៥០ នៅទូទាំងតំបន់អាស៊ី ទាំងក្នុង

វិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយ សម្រាប់ភ្ញៀវទេសចរ ផងដែរ”៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register