ជំនួយជាថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនរបស់កម្ពុជា ត្រូវបានប្រគល់ជូន ប្រទេស មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​អន្តរ​ក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូមួយក្រុម តាមជើងយន្តហោះពិសេស នាំយកនូវជំនួយមួយចំនួនរបស់រាជ​រដ្ឋាភិ​បាលកម្ពុជា រួមមាន ថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ផ្ដល់ជូនសាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ារួចហើយ នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១  នៅឯព្រលានយន្ត​ហោះ​ទីក្រុងណៃពិដោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ដែរថា បើយោងតាមលិខិតចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ផ្ញើជូន​ឯកឧត្ដម ឧត្ដមសេនីយ៍ មីង អោងឡាំង ប្រធានប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណ​រដ្ឋ​សហភាពមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំបានតាមដាន កិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ រាតត្បាត នេះតាំងពីដំបូងមក”។ សម្ដេចតេជោបន្តថា ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពរវាងប្រទេស យើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០ ០០០ ដុល្លារអាម៉េរិក របស់រាជ​រដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ានជួយមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់ សម្របសម្រួលជំនួយមនុស្សធម៌(AHA Centre)។ ជាមួយគ្នានេះ យើងក៏នឹងបរិច្ចាគនូវ​ឧបករណ៍វេជ្ជសាស្រ្តមួយចំនួន ដែលរួមមាន ម៉ាសចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០ ០០០ សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ ០០០ ឈុតម៉ាស៊ីនផលិតអុក​ស៊ីហ្សែន​ស្វ័យ​ប្រវត្តិចំនួន ១០០ គ្រឿងម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដាន សញ្ញាជីវិតចំនួន ២០គ្រឿង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់យ៉ាងមុត មាំថា​ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងៗ នឹងយកឈ្នះលើជំងឺរាតត្បាត សកលនេះទាំងស្រុង»។ ជាមួយគ្នានេះដែរ ដើម្បីរួមចំណែកជួយដោះស្រាយការ លំបាក របស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ-១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ អាម៉េរិក ជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

គួររម្លឹកដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន ផ្តល់ម៉ាសប្រមាណ ២លានម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ ក្រៅពីប្រទេស មីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយប្រទេសសមាជិក​អាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។ ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែន​ម៉ាស ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម និង​ឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រឡេស្តេផងដែរ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register