ក្រសួងសុខាភិបាលស្នើឱ្យអភិបាលរាជធានី ខេត្តធ្វើការអប់រំ និងណែនាំពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យទៅចាក់ឱ្យបានគ្រប់ៗគ្នា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ —

ជាថ្មីម្ដងទៀតក្រសួងសុខាភិបាលបានស្នើឱ្យអភិបាលរាជធានី ខេត្តធ្វើការអប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាមចំនួនកំណត់។ នេះបើយោងតាមលិខិតរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ក្នុងលិខិតនេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក”។ លោកជំទាវបន្តថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថារហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោង ទុកចំនួន១០លាននាក់ នៅឡើយ ដែលតម្រូវឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា។
លោកជំទាវបានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត)។

ដូចនេះ លោកជំទាវក៏ បានស្នើឱ្យអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត ចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀតដែលអាចផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសូមស្នើឱ្យអភិបាលរាជធានី ខេត្ដចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ និងញឹកញាប់ អំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។ លើសពីនេះទៀត រាជធានី ខេត្ដក៏សូមផ្សាយជូនសាធារណជននូវលេខទូរស័ព្ទទំនាក់ទំនងតាមទីតាំងនីមួយៗដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើការទំនាក់ទំនងបាន។

ជាមួយគ្នានេះផងដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានសុំឱ្យអភិបាលរាជធានី ខេត្ដចម្លងសេចក្តីជូនព័ត៌មានអំពីទីតាំង និងកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ មួយច្បាប់មកលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register