សម្ភារកីឡាវាយកូនឃ្លីលើតុ បានមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១–លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមកដល់សាលកីឡាវាយ​កូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

អគ្គលេខាធិការរូបនេះបន្ថែមថា សម្ភារកីឡាវាយកូនឃ្លីលើតុនេះ មាន៩មុខ ដែលមានតម្លៃសរុបជាង ៥ ០០០ដុល្លារអាម៉េរិក ប៉ុន្តែតម្លៃនេះជាតម្លៃបញ្ចុះពិសេសតែម្តង។ តាមរយៈការទទួលបាននូវសម្ភារហ្វឹកហាត់ថ្មីៗបន្ថែមនេះ ត្រូវបានលោក ស៊ុន សុទ្ធារិទ្ធ ជឿជាក់ថា ក្រុមកីឡាករ កីឡាការិនី ដែលគ្រោងនឹងចូលរួមហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះនឹងទទួលបាននូវឧបករណ៍​ហ្វឹកហាត់គ្រប់គ្រាន់ ដើម្បីសម្រួចបច្ចេកទេសឆ្ពោះទៅប្រកួតប្រជែងស៊ីហ្គេម ២លើកចំពោះមុខកាន់តែល្អប្រសើរផងដែរ។

សម្ភារកីឡាវាយកូនឃ្លីលើតុនេះ នឹងប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាល ដើម្បីត្រៀម​លក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ។ ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក ក្រុមជម្រើសជាតិវាយកូន​ឃ្លីលើតុ​មួយចំនួនទៀតក៏ត្រៀមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ផងដែរ ជាមួយ​នឹង១១ប្រភេទកីឡាផ្សេងទៀត ដែលមានចំនួនសរុប ១៣៥នាក់។ នេះជាផែនការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន របស់​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣​ (CAMSOC) និងក្រសួងអប់រំ យុវ ជន និងកីឡា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ក្រៅពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា នេះជាការហ្វឹកហាត់ត្រៀមរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ នៅក្នុងចំណោមប្រភេទកីឡាជាច្រើនទៀត ដែលត្រូវហ្វឹក​ហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទកូវីដ-១៩នេះ ។ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀប ចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

ដោយហេង ណាលីន

You do not have permission to write comment on this post.

Log in Register