មានការលើកឡើងជុំវិញទីផ្សារដោះដូរកីឡាករ ក្នុងលីគកំពូលបានផលចំណេញតែលើក្លិបមានលុយច្រើន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១–​ក្នុងឱកាសបើកទីផ្សារដោះដូរកីឡាបាល់ទាត់នៅកម្ពុជានៅតែបន្តសម្រាប់កីឡាករខ្មែរ នៅឡើយ រហូតដល់បិទបញ្ចប់នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានការលើកឡើងថា សព្វថ្ងៃពិតជាដំណើរបានល្អណាស់ សម្រាប់ក្លិប បាល់ទាត់ធំៗ​ដែលមាន​លុយច្រើន ។ ដូច្នេះគួរមានការគ្រប់គ្រងហិរញ្ញវត្ថុ និងកំណត់ថវិកាតាមក្លិប ក្នុងការដោះដូរ ទិញ-ផ្ទេរ ទើបមាន តម្លាភាពក្នុង​ការប្រកួតប្រជែង។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ហើយក៏ជាអ្នកធ្លាប់ប្រឡូកនៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាជាច្រើនឆ្នាំមកនោះ បានលើកឡើងថា ប្រសិនបើមិនដូច្នេះទេ ការចាយវាយតាមចិត្តនោះ ក្លិបតូចៗដឹងតែដួលរលំហើយ មិនមានលទ្ធភាពរើសបានកីឡាករ​ល្អលេងនោះទេ ហើយក៏ធ្វើឱ្យការប្រកួតប្រជែងខ្លះៗមានការធ្លាក់ចុះ ខណៈកីឡាករល្អៗរត់ទៅក្លិបមានលុយ ដោយសុខចិត្តអង្គុយលេង​កៅអីបម្រុងក្តី។ មិនតែប៉ុណ្ណោះនឹងធ្វើឱ្យការជ្រើសរើសកីឡាករជម្រើសជាតិក៏មានការលំបាកដូចគ្នាផងដែរ។ ដូច្នេះស្តាយសមត្ថភាព ល្អៗជា​ច្រើនរបស់ប្អូនៗកីឡាករមិនបានប្រកួតប្រជែងគ្នាច្រើន។ ជាមួយគ្នានោះ ការប្រកួតលីគ ក៏មិនសូវល្អមើល ពេលក្រុមខ្លាំងៗ ប៉ះជាមួយក្រុម​ខ្សោយៗ មិនមានអ្នកមើល។

រីឯលោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលក្លិបទ័ព និងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានឆ្លើយតបជុំវិញបញ្ហាដោះដូរកីឡាករថា តម្លៃផ្ទេរ និងតម្លៃពលកម្មផ្សេងគ្នា នៅស្រុកយើងគ្មានតម្លៃផ្ទេរណាមួយដែលថ្លៃកប់ពពកនោះទេ ហើយបើកំណត់តម្លៃពលកម្មគឺមិនគួរទេ ហើយ​ក៏មិនដែលមាន ព្រោះគេបែរបន់ឱ្យតែកីឡាករបានតម្លៃពលកម្មថ្លៃ។ «ខ្ញុំក៏កាន់តែមិនជឿថា គេមិនប្រើកីឡាករដែលមាន តម្លៃពលកម្មខ្ពស់​នោះដែរ សំខាន់រឿងនេះជាសិទ្ធិរបស់គ្រូ ព្រោះអ្វីៗមិនប្រាកដប្រជា»។

សូមបញ្ជាក់ថា គណៈកម្មការប្រកួតបាល់ជាត់កម្ពុជា (CNCC) បានប្រកាសពន្យារកាលបរិច្ឆេទផ្ទេរកីឡាករជាតិ សម្រាប់ជើងទី២ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ខណៈទីផ្សារដោះដូរកីឡាករបរទេសត្រូវបានបិទបញ្ចប់​រួចហើយ កាលពីចុងសប្តាហ៍ មុន៕

ដោយ៖​ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register