ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកណ្ដាលប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលថ្មី

Please log in or register to like posts.
ព័ត៌មាន

AKP កណ្តាល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ — ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកណ្ដាលបានប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលថ្មី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តនាពេលនេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីប្រគល់ភារកិច្ចដឹកនាំ និងគ្រប់គ្រងការងារបន្ត ពីប្រធានចាស់ ដែលត្រូវផ្ទេរឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត បានគាំទ្រលើវិស័យបរិស្ថាន និងបានជំរុញឱ្យមានការរៀបចំបរិស្ថានល្អតាមទីប្រជុំជន នៅតាមទីក្រុង-ស្រុក ដែលបានវិភាជន៍ថវិកាគុណប្រយោជន៍ខេត្តគាំទ្រដល់ក្រុង-ស្រុកជារៀងរាល់ឆ្នាំ ដែលជាលទ្ធផលជាមួយនឹងការខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យវិស័យបរិស្ថានអនាម័យទីក្រុងតាខ្មៅបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ឆ្នាំ២០២០-២០២២។ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា ក្នុងកិច្ចការកែលម្អវិស័យបរិស្ថាន រដ្ឋបាលខេត្តបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារ អាហ័រណនីហរ័ណ សាធារណរដ្ឋកូរ៉េ លើផ្ទៃដីប្រមាណ ៥០ហិកតា ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ប្រព័ន្ធអាងប្រព្រឹត្តិកម្មចម្រោះ ទឹកកខ្វក់ក្រុងតាខ្មៅ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះក្រសួងមហាផ្ទៃ ធនាគារពិភពលោក ក៏បានគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបង្កើតទីកន្លែងចាក់សំរាមតាមលក្ខណៈស្តង់ដារមួយកន្លែងដែលមានទំហំជាង ១០ហិកតា ដោយមានទាំងអាងប្រព្រឹត្តិកម្មច្រោះទឹកកខ្វក់ ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាងផងដែរ។

ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក អូម ផាត់ អតីតប្រធានមន្ទីរ បរិស្ថានខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក លោកបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថាន បំពេញតួនាទីឱ្យមានការរីកចម្រើនលើវិស័យកិច្ចការពារបរិស្ថាន ក្នុងរយៈពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការសម្ដែងការចូលរួមអបអរសាទរចំពោះ លោក  ពៅ សោមាណាក់ ដែលត្រូវបានក្រសួង បរិស្ថានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវ លើការងារបរិស្ថាន បន្តពីលោក អូម ផាត់ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្ដីការក្រសួងបរិស្ថាន ៕

ដោយ ណយ នឿន ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

You do not have permission to write comment on this post.

Log in Register