ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ អ្នកចាក់វ៉ាក់សាំងបាន៨៨.០១ភាគរយ និងសម្រាប់កុមារ-យុវវ័យបាន៥៩.០១ភាគរយ ធៀបនឹងគោលដៅ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ –ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះថា មានប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ បានទៅចាក់វ៉ាក់សាំងបានចំនួន ៨៨.០១ភាគរយ ធៀបនឹងចំនួនគោលដៅ ១០លាន និងកុមារ -យុវវ័យបានទៅចាក់មានចំនួន៥៩.០១ភាគរយ ធៀបនឹងគោលដៅកំណត់ប្រមាណជិត២លាននាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងថា «កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មាន ៨៨,០១ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១ភាគរយ ធៀបជាមួយនឹងកុមារ-យុវវ័យគោលដៅ ១ ៩៦៦ ៩៣១នាក់»។

ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសមាន៖ លើកទី១-បានចំនួន ៩ ៩៦១ ៦៣០នាក់, លើកទី២-បានចំនួន ៨ ០៦២ ២៤៣នាក់, និងលើកទី៣-បានចំនួន ៥២៨ ៧៣៦នាក់។ ចំណែកការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ ឆ្នាំលើទី១-មានចំនួន​ ១ ១៦០ ៦៥៥នាក់ និងលើកទី២ មានចំនួន​ ១១០ ១១០នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកនូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ និងកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រឹមចុងឆ្នាំ២០២១នេះ រួចហើយបន្តចាក់ជូនប្រជាពលរដ្ឋដូសទី៣ បន្តដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ៣លាន ២សែនដូស ជាជំនួយឥតសំណង និង ១៨លាន ៥សែនដូស ជាការបញ្ជាទិញរបស់កម្ពុជា សរុប ២១លាន ៧សែនដូស។

ទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្សាយថា ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជា សម្ភារបន្ទាន់ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង ២០លានយ័ន ក្នុងនោះរួមមាន៖ ម៉ាស៊ីនអុកស៊ីសែន សម្រាប់វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារ ជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។

គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួនជាង ២៤ ៤៩៥ ១០០ដូស។ ក្នុងនោះ រួមមាន៖

១-វ៉ាក់សាំងចិន Sinovac និង Sinopharm សរុប ២១ ៧០០ ០០០ដូស ( ១៨ ៥០០ ០០០ដូស ជាការបញ្ជាទិញ និង ៣ ២០០ ០០០ដូស ជាជំនួយ ) ក្នុងនោះ Sinovac ចំនួន ១៤ ៥០០ ០០០ដូស និង Sinopharm ៧ ២០០ ០០០ដូស។

២-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផលិតនៅឥណ្ឌា ៣២០ ០០០ដូស។

៣-AstraZeneca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស ។

៤-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស ។

៥-Johnson & Johnson ជាជំនួយរបស់អាម៉េរិក ១០៦០ ១០០ដូស ។

គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ចាក់វ៉ាក់សាំងកូវីដ-១៩ សរុបបានចំនួន ៩ ៥០២ ៨១៩ដូស។

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេស ដែលបានផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជាបន្តបន្ទាប់ ៕

ដោយអ៊ាង ប៊ុនរិទ្

You do not have permission to write comment on this post.

Log in Register