ក្រុមតារាមហាហង្សចាប់ផ្តើមហ្វឹកហាត់បង្កើនបច្ចេកទេសត្រៀម AFF Futsal Championship

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១–ក្រុមបាល់ទាត់តារាមហាហង្ស (Mohahang All Star FC) បានចាប់ផ្តើមការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់ខ្លួនជាមួយនឹងការអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីត្រៀមចូលរួមប្រកួត AFF Futsal Club Championship» ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២១ នៅប្រទេសថៃ។

ការហ្វឹកហាត់នេះស្ថិតក្រោមការជួយជ្រោមជ្រែង ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយជ្រើសរើសយកមជ្ឈមណ្ឌលកីឡាឌឹប្លូអារីណា ជាកន្លែងហ្វឹកហាត់។ លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់តារាមហាហង្ស ចាត់ទុកថា ការចូលរួមក្នុងនាមជាក្រុមជើងឯកលីគថ្នាក់ជាតិ ២០២០ និងបេក្ខភាពតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ក្នុងសាលអាស៊ាន ឆ្នាំ២០២១នេះ គឺជាការបង្ហាញនូវមុខមាត់ កិត្តិយសជាតិ ដោយក្រុមរបស់លោកប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងបាននូវលទ្ធផលដ៏គាប់ប្រសើរមកជូនជាតិវិញ។

ចំពោះការហ្វឹកហាត់វិញត្រូវបានលោក អ៊ិន សុភិន បញ្ជាក់បន្ថែមថា កីឡាករទាំងអស់នឹងប្រើប្រាស់ពេលវេលា ដែលនៅសល់នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីត្រៀមខ្លួនឱ្យបានល្អ ក្នុងការប្រកួតប្រជែងបាល់ទាត់ក្នុងសាលកម្រិតអាស៊ានមួយនេះ។ មុនពេលចូលដល់ទីលានហ្វឹកហាត់ ក្រោមការជួយសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្វឹក កីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ និងអនុវត្តន៍វិធានការយ៉ាងហ្មត់ចត់បំផុត ស្របតាមគោលការណ៍សុខាភិបាលកម្ពុជា។ នៅក្នុងការហ្វឹកហាត់ប៉ុន្មានថ្ងៃដំបូងនេះ គឺកីឡាករធ្វើលំហាត់ថ្មីៗយ៉ាងច្រើន ហ្វឹកហាត់ស្តារថាមពលកម្លាំង កាយសម្បទាឡើងវិញ ដោយខកខានហ្វឹកហាត់យូរ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុង១សប្តាហ៍ កីឡាករត្រូវប្រមូលផ្តុំហ្វឹកហាត់ចំនួន៤ថ្ងៃ ហើយក្រៅពីនេះកីឡាករត្រូវហ្វឹកហាត់កាយសម្បទាបន្ថែម នៅផ្ទះរៀងៗខ្លួន។

លោក អ៊ិន សុភិន បន្ថែមថា ក្លិបកីឡាបាល់ទាត់ តារាមហាហង្ស ជាក្លិបពាក់កណ្តាលអាជីព ដែលកីឡាករមួយចំនួនជាបុគ្គលិកក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏យើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមកិត្តិយស និងបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិមួយនេះ។

សូមបញ្ជាក់ថា AFF Futsal Club Championship ឆ្នាំ២០២១មានក្លិបជើងឯកលីគបាល់ទាត់ក្នុងសាលនៃប្រទេសទាំង៦ចូលរួម រួមមាន៖ Port FC (ថៃ), Sahako (វៀតណាម), SKN Kabumen FC (ឥណ្ឌូណេស៊ី), Selangor (ម៉ាឡេស៊ី), MIU (មីយ៉ាន់ម៉ា) និង Mahahang All Star FC របស់កម្ពុជា៕

ដោយហេង ណាលីន

You do not have permission to write comment on this post.

Log in Register