ឯកឧត្តម គួច ចំរើន ដឹកនាំកម្លាំង ចុះប្រតិបត្តិការរុករក និងជួយសង្គ្រោះជនរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ  ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១  — នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំង និងមន្ត្រីចុះប្រតិបត្តិការរុករក និងជួយសង្គ្រោះជនរងគ្រោះដោយ ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១  ដោយសារតែស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ ខ្លាំងជាប់គ្នា ដែលទឹកភ្លៀងមានកម្ពស់ពី ១២០មម ដល់ ២៧៩មម បណ្តាលឱ្យតំបន់ ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ រងការជន់លិចរហូតដល់ម៉ោង ១០យប់ ទឹកបានស្រកចុះវិញនៅតាមអូរប្រឡាយក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសម្នាក់ត្រូវទឹកហូរកួចយកទៅទាំងឆ័ត្រ និងមនុស្សចូលប្រឡាយនៅតាមបណ្តោយផ្លូវលេខ៨០០ នៅចំណុចអូរ៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំង ជនរងគ្រោះត្រូវខ្យល់បក់កួចឆ័ត្រ និងមនុស្សហូរធ្លាក់ចូលក្នុងប្រឡាយនៅចំណុចអូរ៥។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងនគរបាល អាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត និងមានការចូលរួមពីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ប្រើប្រាស់អូរប៊័រពីរគ្រឿងល្បាត លើផ្ទៃសមុទ្រ ដើម្បីស្វែងរកបុរសដែលបានបាត់ខ្លួនដោយសារទឹកគួច ចូលប្រឡាយកាល ពីរសៀលថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី២៥នេះ។ ក្នុងនោះយើងចាប់ផ្តើមរុករក ពីចំណុចអូរ៥ មកស្ពានពយអូឈើទាល និងបន្តទៅសមុទ្រ ការរុកររកបស់យើងមកដល់ព្រឹកនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវនាវដល់ បងប្អូនប្រជាពល ពិសេសក្មេងតូចៗ និងភ្ញៀវទេសចរត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យ បានខ្ពស់បំផុតនៅពេលមានភ្លៀងធ្លាក់ខ្លាំង ស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាក ចេញពីផ្ទះបើគ្នានការចាំបាច់ ពិសេសការធ្វើដំណើរតាមផ្លូវជម្រាលភ្នំ ព្រោះវាអាចបង្ក មានហានិភ័យផ្សេងៗបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតជាដើម។

សូមបញ្ជាក់ថា សាកសពបុរសដែលរងគ្រោះដោយទឹកគួចហូរតាម ប្រឡាយនៅចំណុចអូរ៥ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញហើយ នៅវេលាម៉ោង១១ ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register