អ្នកនេសាទបរិច្ចាគសត្វកន្ធាយអាស៊ីដ៏ធំមួយក្បាល ដើម្បីយកទៅអភិរក្ស

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ — សត្វកន្ធាយអាស៊ី Asiatic soft-shell turtle (Amyda cartilaginea) ដ៏ធំមួយ​ក្បាល ទម្ងន់ ៣៣,៩ គីឡូក្រាម ត្រូវបានអ្នកនេសាទម្នាក់ឈ្មោះ ស្រេង ឆេងអ៊ន់ យកទៅប្រគល់ជូន​ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម កាលពីពេលថ្មីៗ កន្លងទៅនេះ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសម្រេចចិត្តប្រគល់​សត្វកន្ធាយអាស៊ីមួយក្បាលនេះ បន្តទៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹក​សាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដើម្បីយកទៅអភិរក្ស។ សត្វកន្ធាយអាស៊ី ដែលមានប្រវែងទទឹងដងខ្លួន ៤០ គុណ ៦៨សង់ទីម៉ែត្រ នឹងត្រូវនាំយកទៅថែបំប៉ន នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង រហូតដល់វាមានសុខភាពល្អគ្រប់គ្រាន់ មុន​នឹងយកទៅលែងនៅទីជម្រកសមស្រប។

ក្នុងពិធីប្រគល់ និងទទួល នៅទីស្នាក់ការខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន បានឱ្យដឹងថា ការទទួលបានសត្វកន្ធាយអាស៊ីមួយក្បាលនេះ គឺជាលទ្ធផល​ដែលឆ្លើយតបទៅនឹងការផ្សព្វផ្សាយ និងការអំពាវនាវរបស់ខណ្ឌរដ្ឋបាលជលផល​កន្លង​មក។ លោកគូសបញ្ជាក់ថា “នៅគ្រប់រដូវបិទនេសាទ ក្រៅពីផ្សព្វផ្សាយប្រកាស​ស្តីពីការបិទ​រដូវនេសាទ ខ្ញុំតែងតែឆ្លៀតអំពាវនាវដល់ប្រជានេសាទ ឱ្យពួកគាត់ចូលរួមការពារ និង​អភិរក្ស​ប្រភេទត្រី និងសត្វកម្រជិតផុតពូជផ្សេងៗ ដែលមានវត្តមានរស់នៅក្នុងខេត្ត”។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជលផលទឹកសាប នៃរដ្ឋបាលជលផល បានសម្តែងក្តីរីករាយចំពោះទឹកចិត្តដ៏ប្រពៃរបស់​លោក ស្រេង ឆេងអ៊ន់ ដែលបានបរិច្ចាគសត្វកន្ធាយដ៏ធំមួយក្បាលនេះ។ លោក បានលើក​ឡើងថា “ខ្ញុំត្រេកអរខ្លាំងណាស់ ដែលប្រជានេសាទ កាន់តែច្រើន បានចូលរួមក្នុង​កិច្ចការ​ការពារ និងអភិរក្សចំពោះប្រភេទសត្វកម្រ និងកំពុងរងគ្រោះផ្សេងៗ មានដូចជាត្រី បបែល​យក្ស អណ្តើក និងកន្ធាយជាដើម។ ជាក់ស្តែង ដូចថ្ងៃនេះ ជាសក្ខីភាពនៃការយល់ដឹង​ច្បាស់របស់ពួកគាត់”។

លោក ស្រេង ឆេងអ៊ន់ អាយុ ៣៨ឆ្នាំ ជាអ្នកនេសាទ ដែលបានបរិច្ចាគសត្វកន្ធាយ​អាស៊ីនេះបានរៀបរាប់ឱ្យដឹងថា “ពេលបានឃើញកន្ធាយនេះភ្លាម មុនដំបូង ខ្ញុំមាន​អារម្មណ៍​ភ័យផងអរផង។ វាធំ និងធ្ងន់ណាស់។ ខ្ញុំមិនអាចលើកវាចេញពីបឹង​ម្នាក់ឯង​រួច​ទេ។ ខ្ញុំក៏ហៅក្មួយខ្ញុំ មកជួយលើកវាចេញពីទឹកមកលើគោក។ ក្រោយមក ដោយនឹកឃើញ​​ដល់វាជាប្រភេទសត្វកម្រ ខ្ញុំក៏សម្រេចចិត្តយកទៅកប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផល​កំពង់​ចាម តាមការអំពាវនាវ”។

សូមរម្លឹកផងដែរថា កន្ធាយអាស៊ី Asiatic soft-shell turtle (Amyda cartilaginea) គឺជាប្រភេទកន្ធាយទឹកសាប មានរស់នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ដូចជា៖ ព្រុយណេ កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា សិង្ហបុរី ថៃ និងវៀតណាម។ វាជាប្រភេទសត្វរាត្រីចរ ហើយវាចំណាយពេលភាគច្រើននៅក្នុងទឹក និងឡើងគោកម្តង​ម្កាលនៅពេលយប់។ ជាទូទៅ កន្ធាយអាស៊ី វាអាចសំងំស្ងៀមមិនកម្រើកក្នុងភក់​ល្បាប់​បានរាប់ម៉ោង ដើម្បីពួនចាំស្ទាក់ចាប់ចំណី។ អាហារចម្បងរបស់វាមានដូចជា ត្រី សិប្បិជាតិ សត្វល្អិតជាដើម។ ប៉ុន្តែ វាក៏ស៊ីវារិជាតិម្តងម្កាលផងដែរ។ បច្ចុប្បន្ននេះ កន្ធាយអាស៊ី ស្ថិត​ក្នុងចំណាត់ថ្នាក់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់» ក្នុងបញ្ជីក្រហម របស់សហភាព​អន្តរជាតិ​សម្រាប់ការអភិរក្សធម្មជាតិ IUCN Red List។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏សូមអំពាវនាវដល់ប្រជានេសាទទូទាំងប្រទេស មេត្តាចូលរួមទាំងអស់គ្នា ក្នុងកិច្ចការការពារ និងអភិរក្សចំពោះប្រភេទសត្វកម្រ និងកំពុង​រងគ្រោះផ្សេងៗ មានដូចជាត្រី បបែលយក្ស អណ្តើក និងកន្ធាយជាដើម៕ ដោយ ណយ នឿន

ប្រភព៖ Wonders of the Mekong

You do not have permission to write comment on this post.

Log in Register