អភិបាលខេត្តកំពត ជួបសំណេះសំណាល និងលើកទឹកចិត្តដល់កុមារ និងយុវវ័យ សម្រាប់ថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP កំពត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ — យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ បានចាប់ដំណើរការព្រមគ្នាក្នុងក្រុង ស្រុកទាំង៩ ទូទាំងខេត្តកំពត ដោយបានចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា នេះតទៅ។ បើយោងតាមគម្រោងផែនការរបស់រដ្ឋបាលខេត្តកំពតបានប្រកាសជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងនេះសំដៅទៅលើកុមារ និងយុវវ័យដែលមានចំនួនប្រមាណ ៧៨ ៧០០ នាក់ ជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់។

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះទៅជួបសំណេះសំណាលនិងផ្ដល់ការជំរុញលើកទឹកចិត្តដល់កុមារ និងយុវវ័យ ឪពុក ម្ដាយ អាណាព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងយុទ្ធនាការថ្ងៃដំបូងនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យក្នុងក្រុងកំពត ក៏ដូចជានៅក្នុងទូទាំងខេត្តកំពតទាំងមូលផងដែរ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ឯកឧត្ដមបន្ដថា សម្រាប់ថ្ងៃនេះ បន្តការចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ឯកឧត្តមអភិបាលខេត្ដបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខុមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ។ ជាមួយគ្នានេះ សម្តេចតេជោបានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្តឱ្យបានគ្រប់គ្នា ពិសេសក្នុងពេលនេះបន្តការចាក់ជូនដល់កុមារនិងយុវវ័យ ដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខនឹងបើកសាលារៀនជូនដល់កុមារនិងយុវវ័យឱ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។  

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ពលរដ្ឋ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូនកុមារ និងយុវវ័យទាំងអស់ មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឱ្យបន្តអនុវត្តន៍តាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

ដោយ ប្រាក់ លាង

You do not have permission to write comment on this post.

Log in Register