អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ វេទិកានិពន្ធនាយកសារព័ត៌មានអាស៊ីអឺរ៉ុបនឹងរៀបចំតាមប្រព័ន្ធអនឡាញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ — មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានឱ្យដឹងថា វេទិកានិពន្ធនាយកសារព័ត៌មានអាស៊ីអឺរ៉ុបនៅក្នុងខែវិច្ឆិកាខាងមុខនេះនឹងរៀបចំតាមប្រព័ន្ធអនឡាញ។ ការរៀបចំតាមប្រព័ន្ធអនឡាញនេះ ដោយសារប្រទេសកម្ពុជា និង ពិភពលោកកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នៅឡើយ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែសីហានេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបតាមប្រព័ន្ធអនឡាញ ចំណែកឯវេទិកាអមនិពន្ធសារព័ត៌មានរបស់យើងនេះគឺយើងរៀបចំនៅក្នុងទម្រង់អនឡាញដែរ ប៉ុន្តែយើងក៏មានការចូលរួមដោយផ្ទាល់សម្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុករបស់យើងនៅក្នុងកម្មវិធីនៃថ្ងៃទី២នៃវេទិកានិពន្ធនាយកសារព័ត៌មានអាស៊ីអឺរ៉ុបនេះ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា« អ៊ីចឹងយើងអាចនិយាយបានថា ការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានរបស់យើងនេះនឹងរៀបចំក្នុងទម្រង់បែបរូបវន្តនិងបែបនិមិត្ត មានន័យថា សម្រាប់និពន្ធនាយកសារព័ត៌មានដែលមកពីទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបគាត់នឹងចូលរួមប្រជុំតាមអនឡាញ សម្រាប់អ្នកសារព័ត៌មានក្នុងស្រុកដែលនឹងចូលរួមក្នុងកម្មវិធីនិពន្ធនាយកនៅថ្ងៃទី២នៃព្រឹត្តិការណ៍នេះនឹងចូលរួមដោយផ្ទាល់។ប៉ុន្តែពាក់ព័ន្ធទៅនឹងអ្វីដែលក្រសួងព័ត៌មានត្រៀមរៀបចំនេះគឺមានការប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដរហូតដល់ខែវិច្ឆិកាឆ្នាំ២០២១»។

បើតាម ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រសួងព័ត៌មានសហការជាមួយមូលនិធិអាស៊ីអឺរ៉ុប ដូច្នេះសមាភាពដែលត្រូវអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍អមនេះគឺជាសមាសភាពនិពន្ធនាយកដែលអញ្ជើញមកពីបណ្ដាប្រទេសនៅក្នុងសមាជិកអាស៊ីអឺរ៉ុបតែម្ដងហើយការរៀបចំនៃការអញ្ជើញនេះ គឺជាការសម្របសម្រួលនិងការទទួលភារកិច្ចទទួលខុសត្រូវដោយភាគីមូលនិធិអាស៊ីអឺរ៉ុប ដូច្នេះតាមការគ្រោងទុកភាគីមូលនិធិអាស៊ីអឺរ៉ុបនឹងអញ្ជើញសមាសភាពនិពន្ធនាយកប្រហែលជា២៤ទៅ២៦រូបដែលក្នុងនោះអញ្ជើញមកពីប្រទេសអឺរ៉ុបចំនួន១២ទៅ១៣រូបនិងប្រទេសអាស៊ី១២ទៅ១៣រូបផងដែរ។សម្រាប់កម្ពុជានឹងជ្រើសរើសនិពន្ធមួយរូបសម្រាប់តំណាងកម្ពុជាក្នុងការចូលរួមវេទិកានិពន្ធនាយកសារព័ត៌មានផងដែរ៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ អ៊ុន រិទ្

You do not have permission to write comment on this post.

Log in Register