បទយកការណ៍៖ ប្រជាពលរដ្ឋនៅជនបទ ទទួលបាន​អត្ថប្រយោជន៍ពី​ការវិនិយោគក្នុង​ទឹកប្រាក់ ៥៨៨​ លាន​ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ –បច្ចុប្បន្ន នៅតំបន់ខ្លះនៃពិភពលោក នៅតែមានការជជែកវែកញែកគ្នា​ថាតើ​ការប្រែប្រួល​អាកាសធាតុជាការពិត ឬយ៉ាងណា។ ប៉ុន្តែនៅទីវាលទំនាបលិចទឹកនៃទន្លេមេគង្គ​ ​ក្នុងខេត្ត​ព្រៃវែង​​ ក្នុងប្រទេសកម្ពុជា ដែល​ត្រូវធ្វើដំណើរប្រហែលមួយម៉ោងពីរាជធានីភ្នំពេញ​ ​ប្រជា​ពលរដ្ឋនៅទីនោះបានមើលឃើញ​យ៉ាងច្បាស់ថា ការប្រែប្រួលអាកាសធាតុបានគំរាម កំហែងដល់ការរស់នៅរបស់ពួកគេយ៉ាងដូចម្តេចដែរ។ នៅរដូវវស្សា ចាប់ពីខែឧសភា ដល់​ខែតុលា​ ព្យុះបានកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរឡើងៗ ជាផលវិបាក​ដែល​បន្ថែមលើទឹកដែលហៀរពីទន្លេមេគង្គមក។ បញ្ហានេះ វាពិតធ្ងន់ធ្ងរណាស់ដែលធ្វើឱ្យ​ប្រ​ឡាយចាស់ជាច្រើនត្រូវបានខូចខាត រារាំងអ្នកភូមិក្នុងការទទួលបានទឹកផឹក និងប្រព័ន្ធ ធារា​សាស្រ្តពីអាង​ស្តុកទឹក។ ក្នុងរដូវដាំដុះនេះដែរ សីតុណ្ហភាពកាន់តែខ្ពស់ ​និងកង្វះទឹក​ភ្លៀងបាននាំឱ្យមានគ្រោះរាំងស្ងួតខ្លាំងពោលគឺគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យកសិករពិបាកដាំដុះដើម្បីចិញ្ចឹមជីវិត។

យោងតាមទិន្នន័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រៃវែងឱ្យដឹងថា​ នៅ ឆ្នាំ២០១៨ ផ្ទៃដី ២៧ ០០០ ហិកតា នៅ ក្នុងខេត្តព្រៃវែងត្រូវបាន​ខូចខាតដោយទឹកជំនន់ និង ២៩ ០០០ ហិកតា ទៀតរងគ្រោះ រាំងស្ងួតដែលនាំឱ្យដល់ការខាតបង់ប្រមាណ​​ ១៦ លាន​ដុល្លារ។ នៅក្នុងឆ្នាំ ២០២០ ទឹកជំនន់ បានបង្កផលប៉ះពាល់ដល់រាជធានី ខេត្តចំនួន ១៩ ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ របស់កម្ពុជាដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ជនបទជាច្រើន​ប្រភេទ។ នៅត្រឹមឆ្នាំ ២០៣៩ រាជរដ្ឋាភិបាលព្យាករណ៍ថា នឹងមានការ កើន​ឡើង ១២,៦ភាគរយ នៃបរិមាណទឹក​ភ្លៀង ប្រចាំឆ្នាំនៅរដូវវស្សា បើប្រៀបធៀបនឹង តួលេខពីឆ្នាំ ១៩៨៦-២០០៥។ នេះមិនមែនជា ដំណឹង​ល្អនោះទេសម្រាប់ខេត្តព្រៃវែង ដែល​ ស្ថិតនៅតំបន់ទំនាបដែលស្ថិត នៅជាប់ទន្លេធំ​បំផុតចំនួន​ពីរ ក្នុងប្រទេសកម្ពុជា គឺទន្លេ មេគង្គ និងទន្លេបាសាក់។ ដោយសារតែការប្រែប្រួលអាកាសធាតុ ធនាគារ​អភិ​វឌ្ឍ​ន៍​អាស៊ី (ADB) បាន និងកំពុងជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាស​ធាតុតាម​រយៈកម្មវិធីវិនិយោគចំនួន ៥៨៨ លាន​ដុល្លារដើម្បីកែលម្អភាពធន់នឹងអាកាសធាតុ ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្មនៅកម្ពុជា​។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ​ក្រសួងបរិស្ថានបានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុជះ​ឥទ្ធិ​ពលដល់កម្រិត និងបរិមាណ​ទឹកភ្លៀងសីតុណ្ហភាព និងការកើនឡើងកម្រិតទឹកសមុទ្រ។ ផលវិបាករបស់វាគឺទាកទងនឹងទឹកដែលមាន ហើយនឹងជះឥទ្ធិពល​យ៉ាងខ្លាំងដល់​សេដ្ឋកិច្ច របស់យើង”។

ដោយមើលឃើញអំពីផលប៉ះពាល់នៃការប្រៃប្រួលអាកាសធាតុនេះ ធនាគារ​អភិ​វឌ្ឍ​ន៍​អាស៊ី(ADB) បាននិងកំពុងជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាស​ធាតុតាមរយៈកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (Strategic Program for Climate Resilience) និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ និងការអភិវឌ្ឍ​វិស័យកសិកម្ម ដែលមានទឹកប្រាក់ចំនួន ៥៨៨​ លាន​ដុល្លារ​ ជាគម្រោងវិនិយោគអនុ​ម័ត​ដោយរដ្ឋាភិបាល និងឧបត្ថម្ភថវិកាដោយកម្មវិធីសាកល្បងសម្រាប់​ភាពធន់នឹងអាកាស​ធាតុ​របស់មូលនិធិវិនិ យោគអាកាសធាតុ (Climate Investment Funds)។ ADB គ្រប់គ្រងកម្ម​វិធីនេះ ​ដែលរួម​មានគម្រោងវិនិយោគចំនួន៧ក្នុងគោលបំណងពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​ជនបទ​និងទីក្រុង ​និងពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម​រួមទាំងប្រព័ន្ធធារាសាស្រ្ត​ ការបណ្ដុះ គ្រាប់ពូជ​និង សកម្មភាពក្រោយពេលប្រមូលផល ហើយវាក៏រួមបញ្ចូលផងដែរនូវកម្មវិធី​ជំនួយ បច្ចេក ទេសចំនួន១១លានដុល្លារ ដែលបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២១ ព្រមទាំង​បង្ហាញ ពីវិធី សាស្រ្តដែលរាជរដ្ឋាភិបាល​អាចយកទៅអនុវត្តន៍​ ដើម្បីបញ្ចូលភាពធន់នឹង​អា​កាសធាតុទៅ​ក្នុងការធ្វើផែនការអភិវឌ្ឍន៍។ កម្មវិធីនេះ​បាននាំឱ្យមានការបង្កើតបទ​ប្បញ្ញត្តិ​សេចក្តីណែ នាំបច្ចេកទេស ​និងតម្រូវការផ្នែកច្បាប់ថ្មីៗ​ស្តីពីការ​សាងសង់​ហេដ្ឋា​រចនា សម្ព័ន្ធជនបទ ដែលឆ្លើយតបជាក់ស្តែងទៅនឹងតំបន់ភូមិសាស្ត្រខុសគ្នាទាំង៣របស់ប្រទេសកម្ពុជា គឺតំបន់ឆ្នេរ តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល។

លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកផ្លាស់ប្តូរអាកាសធាតុនៅ ADB ដែល​គ្រប់គ្រង​កម្មវិធី SPCR បានលើកឡើងថា​ កម្មវិធីនេះ កំពុងជួយ​ផ្តល់អំណាច​ដល់​ក្រុមងាយរងគ្រោះក្នុងប្រទេសកម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោកបានថ្លែងថា  “វិស័យកសិកម្មមិនត្រឹមតែជាវិស័យដែលងាយរងគ្រោះបំផុតនោះទេ​ប៉ុន្តែវិស័យនេះក៏គាំទ្រដល់ក្រុមដែលងាយរងគ្រោះបំផុតរួមទាំងស្ត្រី និងជនក្រីក្រនៅតាម ជនបទ។ កម្មវិធីនេះជួយប្រជាពលរដ្ឋនៅតាមជនបទបង្កើតវិធីសាស្រ្តជាក់ស្តែង ដើម្បី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ  ដោយពង្រឹងបណ្តាញសុវត្ថិភាព និងសន្តិសុខ​សម្រាប់ពលរដ្ឋងាយរងគ្រោះ”។

លោក Srinivasan Ancha ក៏បានលើកឡើងជាឧទាហរណ៍ថា កម្មវិធី​​ SPCR បាន​ជួយកែលម្អប្រព័ន្ធ​ធារាសាស្រ្ត​ដំណាក់ឈើក្រំ ​នៅជិតក្រុងពោធិ៍សាត់​ដោយសាងសង់​របាំង​ដើម្បីគ្រប់គ្រង លំហូរទឹកនៅក្នុងទន្លេពោធិ៍សាត់ និងកាត់បន្ថយការជន់លិច​ព្រមទាំង​កសាងប្រឡាយមេប្រវែង១៦,៥ម៉ែត្រ ប្រព័ន្ធធារាសាស្រ្តបន្ទាប់បន្សំដែលនាំទឹកចូលស្រែ  និងអគារ ចំនួន២៩ នៅតាមប្រឡាយមេនេះ។ ចំពោះគម្រោងមួយទៀតនេះកម្មវិធី SPCR ហៅថា កម្មវិធី​អភិវឌ្ឍន៍​វិស័យពាណិជ្ជកម្មស្រូវអង្ករដែលធន់​នឹងអាកាសធាតុបានជួយ កសិករនៅខេត្តព្រៃវែង បាត់ដំបង និងខេត្ដកំពង់ធំ អនុវត្តន៍បច្ចេកវិទ្យាទំនើបដើម្បីកែលម្អ ផលិតភាពកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះទៀត បច្ចេកវិទ្យាច្នៃប្រឌិតថ្មីមួយដែលត្រូវបានបង្ហាញដោយគម្រោង​នេះរួមមានការប្រើឡាស៊ែរវាស់កម្រិតដី។ ឧបករណ៍វាស់កម្រិតដីដោយឡាស៊ែរនេះធ្វើឱ្យ ដីរាបស្មើល្អ នោះមានន័យថាបរិមាណទឹក​ និងជី​ដូចៗគ្នាអាចត្រូវបាន​ប្រើនៅគ្រប់ទីកន្លែង ក្នុងស្រែ ដែលនាំដល់ការកាត់បន្ថយការចំណាយនិងបង្កើនទិន្នផល​ស្រូវ។

ទាក់ទងនឹងការទទួលបានលទ្ធផលពីគម្រោងនោះ លោក ប៉ុល អ៊ំ ជាកសិករនៅ​ស្រុកកំពង់ត្របែក ខេត្ដព្រៃវែងបានឱ្យដឹងថា​ ទិន្នផលអង្ករ​ពីផ្ទៃដីកន្លះហិកតាបានកើន​ឡើងពី២០បាវ មកជាង២៩បាវ​ ខណៈដែលមានការកាត់បន្ថយការប្រើប្រាស់​សាំង​ផង​ដែរ។

បើតាមអ្នកជំនាញផ្នែកកសិកម្មបានឱ្យដឹងថា កម្មវិធីនេះបានជួយបង្កើនទិន្នផល​ស្រូវ​២៥​ភាគរយ ដោយផ្តល់​លទ្ធ​ភាពដល់កសិករក្នុងការទទួលបានគ្រាប់ពូជដែលមាន​គុណភាព បង្រៀនពួកគាត់ពី បច្ចេកទេសសម្ងួត និងការរក្សាទុក ព្រមទាំងធ្វើឱ្យប្រសើរ​ឡើងនូវភាពធន់នៃពូជស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ គម្រោងក៏បាន​ជួយ​បង្កើនផលិតកម្មស្រូវដល់៩,៥លានតោន នៅឆ្នាំ២០២០ កើនឡើងពី៨លានតោនក្នុង​ឆ្នាំ២០២១។

លោកស្រី ថន សុម៉ាលី មកពីឃុំព្រែកចង្ក្រានបានរៀនពីរបៀបដាំ ប្រមូលផល រក្សាទុក និងដឹកជញ្ជូន​គ្រាប់ពូជដែលមានគុណភាពដើម្បីទទួលបានតម្លៃ​ខ្ពស់។ លោកស្រី​គឺជា​អ្នកសម្របសម្រួលកសិករ​ចំនួន៣០នាក់ ក្នុងកិច្ចសហការ​ជាមួយ​​ សហករណ៍កសិកម្ម​បូព៌ាសែនជ័យ ដែលប្រមូលទិញ​ប្រភេទស្រូវធន់​នឹងអាកាសធាតុ ដើម្បីសម្ងួត សម្អាត​​ និងលក់ វានៅលើទីផ្សារ។

ជាក់ស្ដែងប្រឡាយដែលដំណើរការល្អនាំឱ្យមានដំណាំចម្រុះនៅក្នុងមូលដ្ឋាន

ដូចជានៅឃុំរំចេក ដែលគ្រោះរាំងស្ងួតបានធ្វើឱ្យរដូវដាំដុះមានរយៈពេលខ្លីត្រឹម​តែពីរទៅបី​ខែ អ្នកស្រុកបានទទួលអត្ថប្រយោជន៍ពីជំនួយបច្ចេកទេសនៃកម្មវិធី SPCR ដែលបង្ហាញ​ពី​វិធីសាស្រ្តដែលរាជរដ្ឋាភិបាលអាចយក​ ទៅ​អនុវត្តន៍ដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុ​ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។ ឧទាហរណ៍ គម្រោងបង្ហាញដែលប្រើថវិកា ៣០ ៥៣៥​ដុល្លារ​​ បានស្តារប្រឡាយប្រវែង ១ ០៥០ ម៉ែត្រ។ ប្រឡាយ ដែលកាលពីមុនរាក់​ពេកមិន​អាចផ្ទុកទឹក​ត្រូវបានកែលម្អដោយបំពាក់លូធំថ្មីពីរ។ ជម្រាលរបស់​វា​ត្រូវបាន​ការពារដោយ ដុំថ្មតំរៀបគ្នាដែលចងការពារដោយខ្សែដែក។ គម្រោងនេះ ដែលនឹងត្រូវអនុវត្តន៍បន្ត​ដោយ​រាជរដ្ឋាភិបាលនិងសហគមន៍សម្រាប់ប្រឡាយប្រវែងដែលមានប្រវែងសរុប៣,៥គីឡូម៉ែត្រ​នឹងជួយ​ភ្ជាប់ឃុំរំចេក ទៅអាងស្តុកទឹកដែលមានចំងាយ៣គីឡូម៉ែត្រពីឃុំ។

កំពុងតែអង្គុយ​ជជែកគ្នាជាមួយស្ត្រីមួយក្រុមនោះ អ្នកស្រី ជិន គួង មានក្តីសង្ឃឹម ខ្ពស់ថា ប្រឡាយដែលបានកែលម្ងរួចហើយនេះ នឹងធ្វើឱ្យជីវភាពរបស់គាត់ប្រសើរឡើង។ អ្នកស្រីអះអាងថា ​គ្រោះរាំងស្ងួតបានធ្វើឱ្យជីវភាពគ្រួសារគាត់ពិបាក​ ហើយស្វាមីរបស់គាត់​ត្រូវចេញក្រៅដើម្បីរកការងារសំណង់ធ្វើដោះស្រាយជីវភាព។ អ្នកស្រីក៏បានត្អូញត្អែផងដែរ ដោយគ្មាន​អណ្តូង​​ក្នុងភូមិ គាត់ត្រូវធ្វើដំណើរឆ្ងាយដើម្បីដងទឹកមកប្រើប្រាស់។ ប៉ុន្តែនៅ ពេលមានភ្លៀងធ្លាក់​ផ្លូវជាប់ប្រឡាយ កាលពីមុនមានភក់រអិលស្ទើរតែមិនអាចធ្វើដំណើរ បាន។ អ្នកស្រីបាននិយាយទៀតថា “បន្ទាប់ពីស្តារប្រឡាយនិងធ្វើផ្លូវរួច ផ្លូវនេះ នឹងមិន​ងាយលិចទឹក បង្កជាភក់រអិលទៀតទេ”។

បើតាមការបញ្ជាក់របស់លោក ចៀប សំអាត ដែលជាទីប្រឹក្សាគម្រោងកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ(SPCR)បានមើកឃើញថា ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ បានចូលរួមជាមួយ​គម្រោង​​ស្តារប្រឡាយនេះដែរ ដូច្នេះពួកគាត់នឹងបានរៀន​ពី​របៀបជ្រើសរើស និងដាំពូជ​ស្រូវធន់នឹងគ្រោះរាំងស្ងួតប្រហែល១០ប្រភេទ ដែល​ត្រូវការ​ទឹកតិចដើម្បីដាំដុះ។ លោកបានឱ្យដឹងទៀតថា ពួកគាត់ក៏នឹងរៀនពី​របៀបដាំ​ឪឡឹក និង ដំណាំផ្សេងទៀតដែលផ្តល់ទិន្នផលខ្ពស់។

បើតាមអ្នកស្រី ជិន គួង ប្រឡាយដែលបានស្ដាររួចគឺស្រស់ស្អាត ហើយ​ពេលមាន​ប្រឡាយ យើងក៏មានផ្លូវស្អាតអមវាដែរ ដែលនឹងងាយស្រួលក្នុងការធ្វើដំណើរ ​ហើយក៏ មានទឹកស្រោចដំណាំ និងអាចដាំដំណាំបានច្រើនសម្រាប់បរិភោគក្នុងគ្រួសារ។ អ្នកស្រី​បានបន្ថែមទៀតថា “ប្រឡាយគឺស្រស់ស្អាត ពេលមានប្រឡាយនេះ​ហើយ យើង​ក៏មានផ្លូវ​ស្អាតអមវាដែរ។ វានឹងងាយស្រួលក្នុងការធ្វើដំណើរ ហើយយើងក៏មានទឹក​ស្រោច​​ដំណាំ។ ខ្ញុំអាចដាំដំណាំបានច្រើន និងគ្រប់គ្រាន់សម្រាប់បរិភោគក្នុងគ្រួសារ”៕

ដោយ រិទ្ធី ប្រភព៖ ADB

You do not have permission to write comment on this post.

Log in Register