អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ស្ពានត្រើយកោះ

Please log in or register to like posts.
ព័ត៌មាន

AKP កំពត ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ –កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យឈ្វេងយល់ដល់ទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿន ការអភិវឌ្ឍ និងការដោះស្រាយបញ្ហាប្រឈម សំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលដៅចំនួនបីគឺ៖  ១-ការពិនិត្យទីតាំង និងជំរុញការសិក្សានៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ, ២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ ស្ពានបេតុងត្រើយកោះជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន, ៣-ការជួបសំណេះ សំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណី ព្រែកក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

ក្នុងឱកាសនោះ  ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ទីតាំងនេះ មានទេសភាពស្អាតមានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ការកម្សាន្ត លំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាល និងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍជាសំខាន់ ហើយការអភិវឌ្ឍនោះទៀតសោធ ត្រូវធានា ដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឱ្យបានច្រើនបំផុតផង។ ដូច្នេះ អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋត្រូវរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនេះក្លាយជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។

ពាក់ព័ន្ធនឹងដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តក៏បាន ចាត់ទុក ស្ពាននេះគឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹក ជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញសម្ភារផ្សេងៗគ្រប់សារពើ។ ដូច្នេះសូមឱ្យជំនាញ និងអាជ្ញាធររួមនិងប្រជាពលរដ្ឋសហការគ្នាឱ្យបានល្អ ដើម្បីឱ្យល្បឿននៃ ការសាងសង់នេះបានឆាប់ចប់តាមគម្រោងនៅចុង ឆ្នាំ២០២១នេះ។

ចំណែក ការឆ្លើយតបបញ្ហាសំណូមពរ នឹងដោះស្រាយជូនប្រជាពលរដ្ឋ ទាំង ១៣គ្រួសារ នោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានបញ្ជាក់ថា បញ្ហាប្រឈមនៃការ ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ នៅមិនទាន់បាន ចេញនៅឡើយដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅឋានទាំងនោះស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង  ប៉ុន្តែពលរដ្ឋនៅតែសំណូមពរចង់បាន។ តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា បញ្ហានេះ រដ្ឋបាលខេត្តតែងតែបានយកចិត្តទុកដាក់ ជំរុញ ឱ្យជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែ សូមស្នើឱ្យជំនាញ និងអាជ្ញាធររួម និងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះ ស្រាយបញ្ចប់បញ្ហា ដោយភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត។

សូមបញ្ជាក់ថា គម្រោងរដ្ឋបាលខេត្តនឹងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍផ្លូវឱ្យ បានជាប្រយោជន៍សម្រាប់បម្រើសាធារណៈនិងការទាក់ទាញទេសចរណ៍។ ពិសេស សម្រាប់ សួនកម្សាន្ត និងការហាត់ប្រាណដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់អណ្ដូង ខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពតផងដែរ៕

ដោយ  ប្រាក់ លាង

You do not have permission to write comment on this post.

Log in Register