បទយកការណ៍៖ ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ

Please log in or register to like posts.
ព័ត៌មាន

AKP ប៉ៃលិន ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ –ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។

ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ តាមរយៈការផ្សព្វផ្សាយរបស់ប្រជាកសិករជនជាតិថៃ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។ មកដល់ពេលនេះ មានប្រជាពលរដ្ឋខេត្តប៉ៃលិនចំនួន ១៣គ្រួសារ បានប្រកបរបរដាំដំណាំទំពាំងបារាំង នៅលើផ្ទៃដីសរុបចំនួន ៥ហិកតា។

អ្នកស្រី លឹម សុភាព អាយុ ៤៩ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រៅពីប្រកបរបរដាំពោត ដាំដំឡូង ប្រចាំរដូវ គាត់ទុកដីចំនួន ៣រ៉ៃ (១រ៉ៃ ស្មើនឹង ១ ៦០០ ម៉ែត្រការ៉េ) ក្នុងចំណោមដីទាំងអស់ចំនួន ៥ហិកតា របស់គាត់ សម្រាប់ដាំដំណាំទំពាំងបារាំង។ គាត់ចាប់ផ្តើមដាំដំណាំទំពាំងបារាំងនេះ តាំងពីខែមេសា ឆ្នាំ២០១៦ ហើយមកដល់ពេលនេះ គាត់បានដាំនៅលើផ្ទៃដីចំនួន២រ៉ៃកន្លះ តែទំពាំងបារាំងដែលកំពុងតែប្រមូលផលរាល់ថ្ងៃគឺមានទំហំ១រ៉ៃកន្លះ។

អ្នកស្រី លឹម សុភាព បានបញ្ជាក់ផងដែរថា ក្នុងចំនួនដី១រ៉ៃកន្លះនេះ គាត់ប្រមូលផលទំពាំងបារាំងបានចន្លោះពី ៧ ទៅ ១០គីឡូក្រាមក្នុងមួយថ្ងៃ ដោយសារតែឆ្នាំនេះអាកាសធាតុរាំងស្ងួតពេក។ ប៉ុន្តែបើរដូវភ្លៀង មានទឹកគ្រប់គ្រាន់ គឺគាត់អាចប្រមូលផលបានពី២០ ទៅ ២៨គីឡូក្រាមក្នុងមួយថ្ងៃ។ អ្នកស្រីបានបន្ថែមទៀតថា ចំពោះទីផ្សារលក់បន្លែទំពាំងបារាំងនេះវិញ មានភាពងាយស្រួល ហើយអាចលក់បានរហូតដល់ ១២ ០០០ រៀល/មួយគីឡូក្រាម ដោយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវរួចបញ្ជូនទៅឱ្យម៉ូយនៅរាជធានីភ្នំពេញ។

ដោយឡែក លោក ជូន ទី ដែលជាប្រជាកសិករដាំដំណាំទំពាំងបារាំងនៅក្នុងភូមិក្រចាប់ផងដែរនោះ បានលើកឡើងថា លោកបានដាំដំណាំទំពាំងបារាំងនេះអស់រយៈពេលជាង ៤ឆ្នាំមកហើយ នៅលើផ្ទៃដីប្រមាណជិត២រ៉ៃ។ តាមរយៈបទពិសោធន៍កន្លងមកនេះ ភាគច្រើនគឺបញ្ហាទឹកស្រោចស្រពនៅរដូវប្រាំង និងជំងឺមួយចំនួនទៀត ដែលមកបំផ្លាញដំណាំទំពាំងបារាំង ដូចជាជំងឺក្រា ជំងឺផ្សិតជាដើម ដែលធ្វើឱ្យទំពាំងបារាំងឡើងក្រហម និងងាប់ដើមតែម្ដង។ តែទោះជាយ៉ាងណា ការប្រកបរបរដាំដំណាំទំពាំងបារាំងនៅតែមានលក្ខណៈល្អប្រសើរ ព្រោះយើងដាំតែម្ដងអាចប្រមូលផលបានយូរ សម្បូរទីផ្សារ និងលក់បានតម្លៃថ្លៃទៀតផង។

លោក សុទ្ធ វិសាល មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននេះមានប្រជាកសិករចំនួន ១៣គ្រួសារ បានប្រកបរបរដាំដំណាំទំពាំងបារាំង លើផ្ទៃដីសរុបចំនួន ជាង ៥ហិកតា និងមានការពង្រីកកើនឡើងជារៀងរាល់ឆ្នាំ។  លោកបានបន្តថា កន្លងមកមន្ត្រីនៃមន្ទីរកសិកម្ម តែងចុះដល់មូលដ្ឋានប្រជាពលរដ្ឋ ធ្វើការប្រជុំ អប់រំផ្សព្វផ្សាយអំពីបច្ចេកទេសនៃការធ្វើកសិកម្ម រួមទាំងដំណាំទំពាំងបារាំងនេះដែរ ហើយក៏មានការទំនាក់ទំនងរកទីផ្សារជូនដល់ប្រជាកសិករទៀតផង។

បន្លែទំពាំងបារាំងនេះ គេអាចយកទៅធ្វើជាមុខម្ហូបបានច្រើនមុខ ជាមួយរសជាតិឆ្ងាញ់ពិសា ដូចជា ឆាបន្លែ បន្លែសម្រាប់ស៊ុប បន្លែអន្លក់ បន្លែផ្ទាប់សាច់អាំង ជាដើម៕

ដោយ វួច ពឿន (AKP-ប៉ៃលិន)

You do not have permission to write comment on this post.

Log in Register