អាជ្ញាធរខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ចាម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ — នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ព្រមទាំងលោក លោកស្រីជាអភិបាលរងខេត្ត អញ្ជើញទទួលអំណោយ ពីឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ដែលបានផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ។

អំណោយដែលឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវផ្តល់ជូនដល់រដ្ឋបាលខេត្ត រួមមានម៉ាសចំនួន ៤០ ០០០ម៉ាស អាកុលចំនួន ១០កាន  ឧបករណ៍វ៉ាស់កម្ដៅចំនួន ១០ដើម និងជែលលាងដៃចំនួន ១០០ដប។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា  បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភអំណោយជា​​សម្ភារ សម្រាប់ខេត្ត ដើម្បីប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការ រីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត ហើយ អំណោយទាំងនេះ ពិតជាមានតម្លៃណាស់សម្រាប់ការចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នេះ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជូនពរ ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និង ជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ឆាយ ម៉ុត

You do not have permission to write comment on this post.

Log in Register