បឹងកេត និងវិសាខា នៅរក្សាសិទ្ធិចូលរួម AFC Cup 2022 ដដែលប្រសិនបើការប្រកួតមិនបញ្ចប់ត្រឹម២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ — ក្រុមជើងឯកលីគ ២០២០ បឹងកេត និងក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា​នៅតែទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2022) រដូវកាល ២០២២ ខាងមុខដដែល ប្រសិនបើការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ មិនអាចបញ្ចប់ក្នុងឆ្នាំ២០២១នេះទេ។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា ប្រសិនបើដំណើរការប្រកួតលីគកំពូល​កម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន​ រដូចកាល ២០២១នេះបញ្ចប់ការប្រកួតតាមការគ្រោងទុក នោះសិទ្ធិចូលរួមប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះនឹងជ្រើសរើសយកក្រុមជើងឯកនៃក្របខ័ណ្ឌទាំងពីររបស់កម្ពុជា គឺជាក្រុមជើងឯកថ្មីៗនៃរដូវកាល ២០២១ ប៉ុន្តែបើមិនបញ្ចប់ទាន់ពេលវេលានោះទេ សហព័ន្ធ កីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)កំណត់ក្រុមជើងឯក កាលពីរដូវកាល ២០២០ គឺបឹងកេត និងវិសាខា។

ក្រុមជើងឯកទាំងពីររបស់កម្ពុជា រដូវកាល ២០២១​ គឺក្លឹបបឹងកេត និងក្លឹបវិសាខាមិនបានចូល​រួម​ប្រកួតជម្រុះទេ AFC Cup 2021 នេះទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ AFC នៅតំបន់អាស៊ាន​ត្រូវបានលុបចោល។ បច្ចុប្បន្ន ការប្រកួតទាំងពីរក្របខ័ណ្ឌ រដូវកាល ២០២១នេះ គឺការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន បានផ្អាកដំណើរការប្រកួតជម្រុះត្រឹមថ្នាក់ខេត្តជាច្រើនខែមកហើយៗ ក៏មិនទាន់ ប្រកាសពីការប្រកួតឡើងវិញនៅឡើយ។ រីឯការប្រកួតលីគកំពូលកម្ពុជានឹងបើកដំណើរការប្រកួតឡើងវិញ នាថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបញ្ចប់ជើងទី១ ហើយសម្រាប់ការ​ប្រកួតជើងទី២ នឹងចែកចេញជាពីរក្រុមធំៗ គឺ៨ក្រុមខាងលើ ត្រូវប្រកួតប្រជែងជើងឯក ខណៈ៥ក្រុមខាង​ក្រោមប្រកួតជម្រុះ ហើយ១ក្រុមនៅបាតតារាងនឹងត្រូវកាត់ចោលទម្លាក់ទៅប្រកួតនៅក្របខ័ណ្ឌលីគ​លំ​ដាប់​ទី២៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register