កុមារ និង យុវជននៅខេត្តកោះកុងប្រមាណ៨.០០០នាក់ចាក់វ៉ាក់សាំងបង្ការកូវីដ ដូសទី២

Please log in or register to like posts.
ព័ត៌មាន

AKP កោះកុង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១–២ថ្ងៃមកនេះ មានកុមារ និងយុវជនប្រមាណ៨.០០០នាក់ បានសម្រុកនាំគ្នាមកទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី២ តាមការកំណត់របស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលនីមួយៗក្នុងខេត្តកោះកុង។

ក្រោមស្មារតីទទួលខុសត្រូវលើការចូលរួមចាក់ថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ជាពិសេសវីរុសប្រភេទDelta ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ សីហា គេសង្កេតឃើញក្រុមយុវជន និងកុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំមកទទួលតាមវេលាកំណត់ក្រោយពីបានចាក់ដូសទី១កាលពីថ្ងៃទី១សីហាកន្លងទៅ។

កុមារា សុបញ្ញា និងយុវតី ណាត ស៊ីនិច នៅក្នុងក្រុងខេមរភូមិន្ទ បានបង្ហាញពីអារម្មណ៍ដែលបានចាក់វ៉ាក់សាំងដូសទី២ថា អាការៈមិនខុសពីការចាក់ដូសទី១ទេ គឺមានសុខភាពមាំមួនធម្មតា ហើយតមអាហារតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងបន្តអនុវត្តវិធានការសុខាភិបាល៣កុំ៣ការពារបន្ថែមទៀត។ ពួកគេថ្លែងអំណរអរគុណជាខ្លាំងជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់អំពីសុខភាពកុមារយុវជនគ្រប់រូបតាមរយៈផ្តល់ថ្នាំបង្ការកូវីដ១៩ឥតគិតថ្លៃ។

ក្រុមកុមារ យុវជនគ្រប់គ្នា សុទ្ធតែរំពឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា សាលារៀនពួកគេនឹងបើកទ្វារឱ្យចូលរៀនឡើងវិញឆាប់រហ័សក្រោយការចាក់សាំងដូសទី២រួចរាល់ហើយ ព្រោះតែការរៀនតាមប្រព័ន្ធអេឡិចត្រូនិចខុសពីការរៀនជាមួយគ្រូ និងមិត្តភក្តិរួមថ្នាក់ផ្ទាល់។

ដំណើរការចាក់វ៉ាក់សាំង២ថ្ងៃនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង វាយតម្លៃថា ប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជារងសម្ពាធប្រែប្រួលអាកាសធាតុមានភ្លៀងធ្លាក់ច្រើនក៏ដោយចុះ ក៏គ្រូពេទ្យបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ រីឯយុវជនកុមារដែលត្រូវចូលរួមដោយការទទួលខុសត្រូវ។

តាមទិន្នន័យនៃការចូលរួមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បង្ហាញថា គិតពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ សីហា គឺមានកុមារ និងយុវជនចំនួនជាង៨.០០០ពាន់នាក់ហើយ បានចាក់រួចរាល់ បើធៀបនឹងល្បឿននៃការចាក់ដូសទី១ លឿនខ្លាំងគួរឱ្យកត់សម្គាល់មិននឹកស្មានដល់។

ទោះយ៉ាងណា អំឡុងពេលអាកាសធាតុប្រែប្រួលនេះ លោកវេជ្ជបណ្ឌិត អះអាងថា នឹងពិនិត្យពេលដែលពន្យាបន្តចាក់វ៉ាក់សាំងឬយ៉ាងណា។
កន្លងទៅ មានកុមារ និងយុវជននៅទូទាំងខេត្តកោះកុងចំនួន១៣.៥២៥នាក់ បានមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩តាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែសីហា កន្លងទៅ។

អំឡុងពេលនោះ កុមារ និងយុវជន១៤ភាគរយទៀតពុំបានមកចាក់វ៉ាក់សាំងស្ថិតិកំណត់ ព្រោះតែក្រុមអ្នកទទួលវ៉ាក់សាំងទាំងនោះ មានជំងឺកូវីដ១៩ឆ្លងពីសមាជិកគ្រួសារ ខ្លះជាប់ធ្វើចត្តាឡីស័ក និងមួយភាគតូចទៀតនោះធ្វើចំណាកស្រុកទៅរាជធានី ឬបណ្តាខេត្តផ្សេងៗ៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ AKP-កោះកុង

You do not have permission to write comment on this post.

Log in Register