រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ នៅពេលមានសារព័ត៌​មានចិនច្រើន នឹងជួយផ្សព្វផ្សាយបាន​កាន់តែទូលំទូលាយពីច្បាប់ គោលនយោបាយ និងការវិនិយោគនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន​ចង់ឱ្យ​មានសារព័ត៌មានចិនច្រើនអង្គភាពទៀត​មកបើកបន្ថែមនៅកម្ពុជា ពីព្រោះនៅពេលមាន​សារ​ព័ត៌​មានចិនច្រើន នឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយពីច្បាប់ គោលនយោ​បាយ ផែនការនានាទាក់ទងនឹងដំណើរការវិនិយោគ រកស៊ី នៅក្នុងប្រទេសកម្ពុជា។ ការ​លើក​ឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបជាមួយថ្នាក់ដឹកនាំ និងសហការី​សារ​ព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media នៃប្រទេសចិន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មាន​ចង់ឱ្យ​មាន​សារព័ត៌មានចិនច្រើនអង្គភាពទៀតមកបើកបន្ថែមនៅកម្ពុជា ព្រោះថា នៅពេល​ខាង​មុខ​នេះ ខណៈពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជា​កាន់តែច្រើន។

លោក LI TAO បានអរគុណចំពោះក្រសួងព័ត៌មានកម្ពុជាដែលបានអនុញ្ញាតឱ្យ​គេហ​ទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍(AP Times) ដំណើរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹងស្តីពីគោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ នានារបស់ប្រទេសចិន នៅក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកបានឱ្យដឹងថា សារព័ត៌​មាន AP Times នឹងជួយផ្សព្វផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅកាន់​ពិភព​​លោក​​ឱ្យ​បាន​ដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ​យោ​គិនចិន មកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា នៅកម្ពុជាមានសារព័ត៌មានចិនចំនួន ៦ កំពុងដំណើរការផ្សាយ ហើយក្រសួងព័ត៌មានចង់ឱ្យមានសារព័ត៌មានចិន ច្រើនអង្គភាព​ទៀត​មកបើកបន្ថែម ព្រោះថា នៅពេលខាងមុខនេះ ពេលតំបន់សេដ្ឋកិច្ចថ្មីៗបើក​ដំណើរ​ការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានរម្លឹកផង​ដែរ​​ថា ក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ គឺមានវត្តមានកាសែតចិននៅកម្ពុជា ដែលបាន​រួមចំណែកធ្វើឱ្យអ្នកវិយោគិនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយ​សារថា​កន្លង​មកនេះ មានមួយចំនួនធំបានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារ​ព័ត៌​​មាន​លោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍លោកខាងលិចច្រើនជាងផល​ប្រយោជន៍អាស៊ី។ ឯកឧត្តមបានបញ្ជាក់ពីចំណុចខ្លាំងរបស់សារព័ត៌មាន ភាសាចិន​នៅ​កម្ពុជា គឺបានគោរពវិជ្ជាជីវៈសារព័ត៌មានល្អប្រសើរ ហើយការផ្សាយព័ត៌មាន គ្មានការ​បំភ្លៃ​នោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែម ថា អ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឱ្យប្រជាជនចិនយល់ថែមទៀតពីចិត្តសាស្រ្តកម្ពុជាសង្គម កម្ពុជា កាន់តែស៊ីជម្រៅ បន្ថែមទៀត ដើម្បីចៀសវាងការប៉ះទង្គិចរវាងអរិយធម៌ពីរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា តាមរយៈ​ការចុះផ្សាយរបស់សារព័ត៌មាននេះ ក្រសួង​ព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែល​មានភាពស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងប្រពៃណី ជំនឿជនជាតិចិននិងការវិវត្ដថ្មីៗ ផ្នែក​នយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិនដើម្បី បានយល់ដឹងនិងឱ្យមានការយល់គ្នាច្បាស់​ទៅវិញទៅមករវាងប្រទេសទាំងពីរ​កម្ពុជា​-ចិន ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register