កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ — ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលប្តេជ្ញាចិត្តជួយសម្រាលការលំបាកដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ក្រីក្រនោះ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាព្រះប្រធានកិត្តិយស បានផ្តល់ថវិកាចំនួន ៦៩៨០០០ដុល្លារ អាម៉េរិក  ជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្ត សាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។    

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោម វត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

យោងតាមវឌ្ឍនភាពនៃដំណើរការសាងសង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន៣២៨ខ្នង ជាវគ្គបញ្ចប់ នៅដើមអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

សូមរម្លឹកថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ និងចំនួន ១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ហើយកាកបាទក្រហម កម្ពុជាក៏បានប្រគល់ផ្ទះចំនួន៥០ខ្នងជាជំហានទី១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ និងប្រគល់ផ្ទះចំនួន២៥០ខ្នង ជាជំហានទី២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លង ទៅថ្មីៗនេះរួចមកហើយដែរ។      

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់ត៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជា ចង្ក្រានបាយ ដែលចំណាយថវិកាអស់ ៣.៥០០ដុល្លារអាម៉េរិក និងមានបង្គន់អនាម័យនៅដាច់ ដោយឡែកដែលមានតម្លៃស្មើនឹង ២៧០ដុល្លារអាម៉េរិក៕

ដោយ សាយ សុន (ប្រភព៖កាកបាទក្រហមកម្ពុជា)

You do not have permission to write comment on this post.

Log in Register