ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា សម្រាប់សារព័ត៌មានចិន និងសារព័ត៌មានកម្ពុជា ដែលត្រូវធ្វើនោះគឺការប្រឹងប្រែងបំពេញកិច្ចការងារដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់​សារព័ត៌មានចិន និងសារព័ត៌មានកម្ពុជា  ក៏ដូចជាក្រសួងព័ត៌មាន ដែលត្រូវធ្វើនោះ គឺការ ប្រឹងប្រែងបំពេញកិច្ចការងារដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ការគូស​ បញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌​មាន​អាស៊ី​-ប៉ាស៊ីហ្វិក ថែមស៍ ក្រោមប្រធានបទស្តីពី “តួនាទីសារព័ត៌មាន ភាសាចិននៅព្រះរាជាណា​ចក្រ​កម្ពុជា” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍លើកឡើងថា សារព័ត៌មាន AP Times របស់ចិន ដែលទើបបង្កើតថ្មីនៅកម្ពុជា គឺសុទ្ធសឹងតែប្រមូលផ្តុំអ្នកមានសមត្ថភាពច្រើន ក្នុង​ការបំពេញការងារ ទោះបីជាប្អូនពៅ ក្នុងវិស័យសារព័ត៌មានក្តី តែអាចដកស្រង់បទ​ពិសោធន៍​ពីសារព័ត៌មាន មុនៗបានយ៉ាងច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ចំពោះ​ដំណើរ​​ការផ្សាយ និងគំនិតរបស់សារព័ត៌មាន គឺមានដំណើរការដើរខុសៗគ្នា ដែលអាច​និយាយ​បានថា (ជើងមេឃសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ហើយមានភាព​ចម្រុះគ្នា) ។

បើតាមការបញ្ជាក់របស់អ្នកសារព័ត៌មាន AP Times បានឱ្យដឹងថា ដោយមើល ឃើញ​ថា សារព័ត៌មានភាសាចិន នៅក្នុងប្រទេសកម្ពុជា កំពុងតែមានការកើនឡើងជា​លំ​ដាប់ដែលជាការសបញ្ជាក់ឱ្យឃើញអំពីសេរីភាព និងវឌ្ឍនភាពវិស័យសារព័ត៌មាននៅ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ តំណាងសារព័ត៌មាន AP Times បានបន្ថែមទៀតថា ដើម្បី​ឱ្យកាន់​តែយល់ច្បាស់ អំពីតួនាទីសារព័ត៌មាន ភាសាចិននៅកម្ពុជា ក្រុមការងារសារព័ត៌​មាន​អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ ស្នើសុំការបញ្ជាក់ផ្ទាល់ពីឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុង​គោលបំណងផ្សព្វផ្សាយអំពីការរីកចម្រើនក្នុងវិស័យសារព័ត៌មាន ដើម្បីជាការទាក់​ទាញ​​ការវិនិយោគលើវិស័យសារព័ត៌មាន បច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register