ភ្នំពេញក្រោន និងទ័ព ចែកគ្នាម្នាក់១ពិន្ទុ បំពេញសប្តាហ៍ទី៦ក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវ កាល ២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១–ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនបានចែកគ្នាម្នាក់១ពិន្ទុ ជាមួយក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ (ទ័ព) ក្រោយរក្សាលទ្ធផលស្មើគ្នា ១ទល់១ នៅក្នុងការប្រកួតបំពេញសប្តាហ៍ទី៦ កាលពីល្ងាចថ្ងៃ៦រោច ខែស្រាពណ៍ ​ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

១គ្រាប់របស់ភ្នំពេញក្រោនធ្វើសម្រេចនៅនាទី៨ ដោយកីឡាករ ប្រាក់ ធីវ៉ា និង១គ្រាប់តាមស្មើ របស់ក្រុមទ័ពរកបាននៅនាទី១១ ដោយកីឡាករ ណារ៉ុង​ កក្កដា ដោយ២គ្រាប់នេះអាចរកបាននៅក្នុងត្រឹម៤នាទីនៃដើមវគ្គទី១ ហើយលទ្ធផលនេះរក្សាបានរហូត ដល់បញ្ចប់ ការប្រកួតពេញម៉ោង ៩០នាទី។

ភ្នំពេញក្រោន ដែលរកបាន១ពិន្ទុបន្ថែមនេះ បានរំកិលខ្លួន១លេខឡើងមកឈរនៅលេខ៥វិញ ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ៥ និងស្មើ៤ មាន១៩ពិន្ទុ។ រីឯក្រុមទ័ពរក្សាខ្លួននៅលេខ៧ដដែល ក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ៤ ស្មើ៤ និងចាញ់២ មាន១៦ពិន្ទុ។​

សូមបញ្ជាក់ថា សម្រាប់ការប្រកួត ដែលនៅសល់១៧ប្រកួត នឹងបញ្ចប់២សប្តាហ៍ទៀតនិងត្រូវបញ្ចប់ជើងទី១ ពោលគឺគ្រោងនឹងបញ្ចប់នា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយពីបញ្ចប់ជើងទី១ គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបាន រៀបចំរូបមន្តដូចរដូវកាល ២០២០ដែរ ដោយចែកចេញជាក្រុម សម្រាប់ជើងទី២ ក្នុងនោះ៨ក្រុមខាងលើតារាងនឹងត្រូវប្រកួត ប្រជែងជើងឯក ខណៈ៥ក្រុមខាងក្រោមត្រូវប្រកួតជម្រុះ ហើយ១ក្រុមបាតតារាងនឹងត្រូវកាត់ចោលពីលីគកំពូល ទម្លាក់ទៅក្របខ័ណ្ឌ លីគទី២ សម្រាប់ រដូវកាល ២០២២៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register