អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ សូមទៅចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ —

អភិបាលខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមេត្តាប្រញាប់ទៅចាក់​ឱ្យបានគ្រប់គ្នា ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ បាន និងកំពុងតែធ្វើយ៉ាងសកម្ម ពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល និងកងយោធពលខេមរភូមិន្ទនៅតាមបណ្តាគោលដៅនានា ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន។

ការថ្លែងជំរុញបែបនេះរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ​ បានធ្វើឡើងក្នុង​ឱកាសអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ មិនទាន់ទទួលបានវ៉ាក់សាំងនៅក្នុងស្រុកមង្គលបូរី  កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តម អ៊ុំ រាត្រី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ទោះបីជា​បានធ្វើ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តន៍តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នូវវិធានការ​ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន នោះ​ទើប ចៀសផុតពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូន បងប្អូនយើង នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាល​​ដាល ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងសហគមន៍យើងនេះ។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងដែរថា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ គឺ​មន្ទីរ​សុខាភិបាលនៃ​រដ្ឋបាលខេត្ត យោធភូមិភាគ​ទី​៥ និង​ផ្នែក​ពាក់ព័ន្ធ​បាន​ចាក់​ស្រោចលើ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ និង​ស្រុកមង្គល​បូរីមុនគេ បន្ទាប់មកនៅ​ស្រុក ៦ទៀត។ ពោលគឺ មកទល់ពេលនេះ ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែលជា​ការអនុវត្តអនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផែនការ​ក្រសួងសុខាភិបាល និង​គណៈ​កម្ម​ការ​ចំពោះ​កិច្ច គឺ​ធ្វើ​ជូន​ប្រជាពលរដ្ឋ កងកម្លាំង​មន្ត្រីរាជការ និង​អ្នកពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ជាង ៣៦ម៉ឺន​នាក់ លើ​ផែនការជាង ៥០ម៉ឺន​នាក់ ​និងបាន​កំពុង​ចាក់​ជូន​កុមារ​ និង​យុវវ័យ (​អាយុ​១២ ទៅ​ក្រោម ១៨ ឆ្នាំ) បានជាង៥ម៉ឺននាក់លើផែនការ ប្រមាណ ១០,៩ ម៉ឺន​នាក់ និងទៅលើប្រជាពលរដ្ឋដែលនៅសេសសល់ ដែលនិងកំពុងដំណើរការចាក់យ៉ាង សកម្មនោះ៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register