សៀវភៅ “អគ្គកុងស៊ុល” ផ្តោតទៅលើវិស័យការបរទេស និងវិទ្យាស្ថានជាតិការទូត ព្រមទាំងដំណើរការនៃការប្រព្រឹត្តិទៅនៃមន្ត្រីកុងស៊ុល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ —

ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា (NIDIR) នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានទទួលសៀវភៅ «អគ្គកុងស៊ុល» ពី លោកបណ្ឌិត តាំង សុខងី ចំនួន ០៥ក្បាល ដើម្បីរក្សា និងតម្កល់ទុកនៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថាន សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់មន្រ្តី និងបុគ្គលិកក្រសួង។

សៀវភៅ «អគ្គកុងស៊ុល» នេះ គឺផ្តោតលើការអនុវត្តកិច្ចការកុងស៊ុលទូទៅដែលរដ្ឋបញ្ជូន និងរដ្ឋម្ចាស់ផ្ទះ បានព្រមព្រៀងគ្នាស្របតាមអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣ ដោយផ្តោតលើទិដ្ឋភាព និងការងារនៃវិស័យមួយចំនួន រួមមាន៖ ក្រសួងការបរទេស និងវិទ្យាស្ថានជាតិការទូត កុងស៊ុលអាជីព កុងស៊ុលកិត្តិយសដំណើរការ និងការប្រព្រឹត្តទៅរបស់មន្រ្តីកុងស៊ុល បុព្វសិទ្ធិ អភ័យឯកសិទ្ធិកុងស៊ុល សិទ្ធិផ្សេងៗ រឿងក្តីពាក់ព័ន្ធនឹងមន្រ្តីកុងស៊ុល ការប្រតិបត្តិពិធីការការទូត និង អនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣។

ក្រៅពីនេះ សៀវភៅ «អគ្គកុងស៊ុល» ក៏បានផ្តល់ជូនអ្នកអាន ជាពិសេសនិស្សិត បានយល់ដឹងទៅលើចំណុចមួយចំនួនបន្ថែមទៀតផងដែរ ដូចជា អភ័យឯកសិទ្ធិការទូត នីតិវិធីពាក់ព័ន្ធនឹងការអនុវត្តច្បាប់លើមន្រ្តីកុងស៊ុល (ឬភ្នាក់ងារការទូត) និងការអនុវត្តច្បាប់កម្ពុជាប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីសកម្មភាពការងារកុងស៊ុលប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់មន្រ្តីរាជការ ជាពិសេស មន្រ្តីកុងស៊ុល នឹងបានបំពេញចន្លោះប្រហោងពីការអនុវត្តកិច្ចការរបស់ខ្លួនមួយចំនួនជាក់ជាមិនខានឡើយ។

ថ្លែងក្នុងឱកាសទទួលសៀវភៅ «អគ្គកុងស៊ុល» ឯកឧត្តម ទាន សំណាង បានថ្លែងកោតសរសើរចំពោះការខិតខំចំណាយពេលវេលាស្រាវជ្រាវចងក្រងជាសៀវភៅរបស់អ្នកនិពន្ធសម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកអាន ព្រមទាំងបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត តាំង សុខងី សម្រាប់ការបរិច្ចាគសៀវភៅមកដល់វិទ្យាស្ថាននៅពេលនេះ ដែលឆ្លុះបញ្ចាំងអំពីការគាំទ្រចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និយាយជារួម នឹងអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលអ្នកការទូតដែលមានសមត្ថភាព វិជ្ជាជីវៈ ស្មារតីស្រលាញ់ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ និយាយដោយឡែក។

សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង»៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register