រដ្ឋមន្ត្រីក្រសួងការងារលើកឡើងថា សារធាតុអាសបេស្តុសជាឃាតកលាក់មុខវាវិវត្តន៍​យឺត​ ៗ​​​ក្នុងរយៈពេលជាច្រើនឆ្នាំ ភាគច្រើននៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយ​មនុស្ស

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ –ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសបានលើកឡើង​ថា សារធាតុអាសបេស្តុស ជាសារធាតុរ៉ែមួយប្រភេទធ្វើឱ្យផលិតផលមានគុណភាព ជា​ពិសេសគឺស្វិត រឹង ហើយតម្លៃថោកអាចទទួលយកបាន ក៏ប៉ុន្តែការប្រឈមនឹងសារធាតុ​នេះ​អាចធ្វើឱ្យមានជំងឺ ដូចជា មហារីកសួត ហើយជាញឹកញាប់ សារធាតុនេះត្រូវបាន​គេ​ហៅថា ជាឃាតកលាក់មុខ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ  ដើម្បីចូលមកបំផ្លាញសុខ​ភាពរបស់អ្នកដែលបានប៉ះពាល់ រឺក៏ទទួលរងឥទ្ធិពលពីសារធាតុអាសបេស្តុសនេះ ដែល​ភាគច្រើន វាយលុកចូលទៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស។ ការលើក​ឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសសមាសភាពនៃក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា ដែលរៀបចំឡើង ក្រោមកិច្ចសហការជាមួយអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ស្តង់ដារសុខ​ភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ និងអង្គការ អាហ្វីដា តាមរយៈប្រព័ន្ធវីដេអូ​Zoom នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគូសបញ្ជាក់ថា  ក្នុងវិស័យឧស្សាហកម្មការ​ប្រើ​ប្រាស់ធនធានវត្ថុធាតុដើម គឺវាតែងតែ មានមុខពីរ ទី១ វាអាចបង្កើតនូវផលិតផល ឬក៏​ធ្វើឱ្យផលិតផលកាន់តែមានគុណភាពសម្រាប់ការប្រើប្រាស់ ឬកាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែមួយមុខទៀត បើយើងប្រើប្រាស់វា មិនបានប្រុងប្រយ័ត្នទេ វានឹងបង្កើតហានិភ័យ​សម្រាប់​មនុស្ស មិនត្រឹមតែកម្មករនិយោជិតអ្នកផលិតទេ អ្នកប្រើប្រាស់ និងអ្នកជុំវិញក៏អាច​ជាអ្នកមានគ្រោះថ្នាក់ដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងពិភពលោកយើងនេះទស្សនៈរួម​មិនទាន់មានការឯកភាពគ្នាទាំងស្រុងចំពោះបញ្ហានេះ នៅមាន១ផ្នែក ជាអ្នកផលិត និងប្រើ​ប្រាស់ និងមួយផ្នែកទៀតជាអ្នកឈប់ផលិត និងទប់ស្កាត់ ហើយទស្សនទាននោះ  វាមាន​ឥទ្ធិពលទៅគ្រប់ទីកន្លែង ហើយនៅកម្ពុជាអ្នកដឹងបញ្ហានេះមានតិចគ្នានៅឡើយ។  ដូច្នេះ ក្រុមការងារយើង មានតួនាទីសំខាន់ណាស់ដើម្បីចងក្រងប្រមូលព័ត៌មានទាំងអស់ ហើយ​ផលប្រយោជន៍យ៉ាងម៉េច ផលប៉ះពាល់យ៉ាងម៉េច និងគ្រោះថ្នាក់យ៉ាងម៉េចក្នុងការប្រើ​ប្រាស់។

ជាមួយគ្នានេះ កន្លងមក សារធាតុអាសបេស្តុស វាប្រើទៅលើក្បឿង ហ្វ៊ីប្រូ បើធ្វើ​ក្បឿង​ធម្មតាមិនប្រើសារធាតុអាសបេស្តុសវាក្រាស់ ហើយកម្លាំងសង្កត់ឆាប់បាក់ផុយ ដូច្នេះ​អ្នកផលិតចូលចិត្តប្រើវាជាងដើម្បីធ្វើយ៉ាងណាធានាបាននូវគុណភាព និងការប្រកួត​ប្រជែង នៅក្នុងទីផ្សារ។ ទន្ទឹមនេះ កន្លងមកកម្ពុជា ក៏មានកន្លែងធ្វើ ហ្វ៊ីប្រូដែរ តែបើតាម​របាយការណ៍ក្នុងកម្រងព័ត៌មានជាតិលើកទី១របស់យើង  ការផលិតនេះមិនមានប្រើ​អាស​បេស្តុសទេ  តែមានការនាំចូលមកកម្ពុជា  ហេតុនេះយើងត្រូវតែប្រមូលព័ត៌មានបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដទៀតថា “នៅប្រទេសមួយចំនួន ខ្ញុំបានទៅមើលឃើញមានប្រើ តែ គេប្រើយ៉ាងប្រុងប្រយ័ត្នមែនទែន សូម្បីកន្លែងទុកដាក់ ក៏ជាកន្លែងទុកដាក់ដែលពិសេស គេដាក់ក្នុងបាវជិត ហើយមានហ៊ុមបាំងដោយវាំងនន ហើយមិនយកមនុស្សទៅប៉ះពាល់​វាបានទេ ប្រើសុទ្ធតែគ្រឿងយន្ត នេះជាបញ្ហាមួយដែលយើងត្រូវតែប្រុងប្រយ័ត្ន”។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អង្គការ APHEDA ចំពោះគំនិតផ្តួចផ្តើម និង​អង្គការILO ដែលបានសហការគាំទ្រចំពោះសុខភាពសាធារណៈ។ ការចាប់ផ្តើមថ្ងៃនេះ​ក្នុងកម្រិតជាក្រុមការងារចងក្រង និងប្រមូលព័ត៌មាន  ហើយការចងក្រងប្រមូលព័ត៌មាន​របស់យើងទិសដៅទៅអនាគតដោយសារតែកិច្ចការនេះ  មិនមែនតែស្ថាប័នមួយទេដែល​ត្រូវ​ដោះស្រាយបាន មិនមែនក្រសួងការងារតែមួយ ឬស្ថាប័នណាមួយជាអ្នកធ្វើដាច់​តែឯង​បានទេ គឺត្រូវរៀបចំជាលិខិតបទដ្ឋានគតិយុត្តអ្វីមួយរបស់រាជរដ្ឋាភិបាល​សម្រាប់គ្រប់គ្រង​ប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង​ប្រែងយ៉ាង​សកម្មរបស់​ក្រុមការ​ងារ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានរួមសហការ​គាំទ្រ​យ៉ាងសកម្ម ក្នុងរយៈពេល​កន្លងមក រហូតចេញបានជារូបរាងសៀវភៅកម្រងព័ត៌​មាន​ជាតិស្តីពីសារធាតុអាស​បេស្តុស​លើក​ទីមួយ ដែលទាំងនេះជាការរួមចំណែកធ្វើឱ្យយើង​សម្រេចបានជោគជ័យស្របតាម​កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបជូនថា សារធាតុអាសបេស្តុស ឃើញមាននៅក្នុងវិស័យឧស្សាហកម្ម​ខុសៗគ្នា  នៅក្នុងប្រទេសដែលគេអនុញ្ញាតឱ្យប្រើប្រាស់។ សម្រាប់ប្រភេទផលិតផលមួយ​ចំនួនដែលផ្ទុកអាសបេស្ដុស រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់​ផ្សេង​ទៀត, ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង, ឧបករណ៍ពន្លត់អគ្គិភ័យ, អ៊ីសូឡង់​(Insulation), កម្រាលឥដ្ឋជាតិផ្លាស្ទិក, វិស័យវាយនភណ្ឌ, សម្ភារដែលងាយរងការ​កកិត (ហ្វ្រាំងរថយន្ត), ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម។

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់បន្ថែមទៀតថា  “ក្រសួងការងារធ្វើរឿងនេះ គឺ​ដើម្បី​គិត​ពីសុវត្ថិភាពសម្រាប់រយៈពេលវែង សម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ​យើង​​ ទៅ​មុខ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងគិតគូរពីបញ្ហាសុខភាព បញ្ហាការបង្ការ គ្រោះ​ថ្នាក់​ការ​ងារ​សព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មរបស់ជាតិយើងក្លាយជា​សក្តា​នុ​ពល​ជាតិរបស់យើងសម្រាប់អនាគត ហើយបញ្ហាធនធានមនុស្សជាអាទិភាពទី១”៕

​ដោយ៖ រិទ្ធី

You do not have permission to write comment on this post.

Log in Register