ឯកឧត្តម ស៊ុន ចាន់ថុល៖ និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០២១–ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានមាន​ប្រសាសន៍ថា និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និង​ត្រូវមានមោទនភាពថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យក្លាយ ជាវិស្វករ អាចកសាងផ្លូវ ស្ពានមានគុណភាពជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទផ្សេងទៀត ដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើប ដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបានប្រកបដោយគុណភាព។ ឯកឧត្តម ​មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិសិត្សជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនឆ្នាំសិក្សា​មូលដ្ឋាន ២០២០-២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ កាលពី​ថ្ងៃ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំនិស្សិតជំនាន់ទី១ ឱ្យ​ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា​ទើប​អាចទទួលបានភាពជោគជ័យ បើមិនដូច្នោះទេ មិនអាចរកការងារបានធ្វើឡើយ ដោយបាន​គូសបញ្ជាក់ថា ឯកឧត្តម​ចង់ឃើញកូន​ខ្មែរមានសមត្ថភាព បច្ចេកទេស និងចំណេះដឹង ជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន និងបានជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រឱ្យចេះ ដើម្បីយកចំណេះវិជ្ជា​ទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពគ្រួសារ បងប្អូន មិត្តភក្តិ សាស្ត្រាចារ្យ ថ្នាក់ដឹកនាំនៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា វិទ្យាស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ​ល្បីៗនៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំប្រឹងប្រែងទំនាក់ទំនងរកសាស្ត្រាចារ្យល្អៗមកបង្រៀននិស្សិតយើងដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ។ ប៉ុន្តែនិស្សិតយើងត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់​កាយរៀនសូត្រឱ្យពូកែ ដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ មិនមែនរៀនដើម្បីចប់នោះឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានល្អៗដល់និស្សិត​ផងដែរថា ក្នុងនាមជានិស្សិត ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម ត្រូវចូលរួមធ្វើយ៉ាងណាឱ្យប្រទេសជាតិ យើងមានការរីកចម្រើនដូចពាក្យស្លោកមួយឃ្លាថា៖ យើងមិន​អាចរស់លើកោះដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហ៊ុំព័ទ្ធដោយសមុទ្រក្រីក្របានទេ យើងមានតួនាទីភារកិច្ចជួយ​ពង្រីកកោះដែល​មាន​សម្បត្តិស្តុកស្តម្ភនោះឱ្យធំ ហើយបង្រួញសមុទ្រក្រីក្រឱ្យនៅរួមតូចបំផុត ដើម្បីប្រជាពលរដ្ឋយើង និងពាក្យស្លោកមួយចំនួនទៀតថា៖ “បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ” “សម្ដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” ដូច្នេះកុំនិយាយអ្វីអត់បានការនាំឱ្យខ្មែរឈ្លោះគ្នា នាំឱ្យគេមើលងាយជនជាតិយើង និងត្រូវរួបរួមគ្នាកសាងប្រទេសជាតិយើងឱ្យ បានរុងរឿង ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)

You do not have permission to write comment on this post.

Log in Register