មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការស្តារប្រឡាយទួលពង្រទី២ សម្រេចបាន៩០ភាគរយហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ — មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា  ការងារស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅ ទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវែងជាង ៦០០០ម៉ែត្រ សម្រេចបាន៩០ភាគរយ ហើយ។

លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងដែរថា  ដោយមានការយកចិត្តទុកដាក់ និងណែនាំ ពីឯកឧត្តម ឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាន និងកំពុងធ្វើសកម្មភាព ស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅ ភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយ ព្រែកហា។

សម្រាប់ការងារស្តារប្រឡាយទួលពង្រទី២នេះ ក្រុមការងារ បាន និងកំពុងអនុវត្តន៍ យ៉ាងសកម្ម ហើយបើគិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ ការស្តារប្រឡាយទួលពង្រទី២ សម្រេច បានប្រមាណ៩០ភាគរយហើយ គឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែង សរុប៦១០០ម៉ែត្រ។ លោកបញ្ជាក់ថា មូលហេតុ ដែលនៅសេសសល់នេះ គឺជួបនឹងបញ្ហា ផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ។

លោកក៏បានបញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរសង្កាត់ ខណ្ឌ បាន និងកំពុងធ្វើការដោះស្រាយហើយៗលោកជឿថា ប្រឡាយនេះ នឹងស្តាររួចរាល់យ៉ាងយូរនៅ ពាក់កណ្តាលខែកញ្ញានេះ ។

លោក ម៉ែន សុខខេន បានបន្តថា  ប្រឡាយទួលពង្រទី២ ប្រឡាយនេះមានប្រវែង ៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិ លេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនៅភា​គខ្លះនៃខណ្ឌ កំបូល មានសង្កាត់ប្រទះឡាង និងខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចោមចៅ២ និង ចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃស៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register