ឯកឧត្តម វេង សាខុន អញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃ Angkor SALAD App តាមប្រព័ន្ធវីដេអូ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ –ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  អញ្ជើញចូល រួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃអង្គរ សាលាដ  “Angkor SALAD App” ក្រោមគម្រោងទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹក តាមប្រព័ន្ធវីដេអូ(Zoom) កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ  មន្រ្តីជំនាញ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅ នាយកក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកិសកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ផ្សេងៗទៀត ដែលបានផ្តួចផ្តើមគំនិតសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដោយមាន ឆន្ទៈរួមគ្នា គឺធ្វើការផ្សព្វផ្សាយកម្មវិធីតាមរយៈទូរស័ព្ទដៃ អំពីទិន្នន័យភូមិសាស្រ្តសម្រាប់ កសិកម្ម និងទឹក ដល់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធនឹង វិស័យកសិកម្ម។

ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះការិយាល័យស្ថានីយ អវកាសនៃប្រទេសហូឡង់ (Netherlands Space Office) ដែលបានផ្ដល់ជំនួយគាំទ្រដល់គម្រោងនេះតាមរយៈ ក្រសួងការ បរទេសហូឡង់ ដើម្បីបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃនេះឡើង ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសកសិករដាំបន្លែ ដោយបាន ដាក់បញ្ចូលសេវាកម្មចំនួន៥រួមមាន៖ ១- សេវាកម្មប្រព័ន្ធស្រោចស្រព, ២- សេវា កម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម, ៣- សេវាកម្មគ្រប់គ្រងដំណាំបន្លែ, ៤- សេវាកម្មព័ត៌មាន ទីផ្សារកសិកម្ម និង៥-សេវាកម្មវិភាគគុណ-ភាព/សុវត្ថិភាព ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តកម្មវិធីក្នុងទូរស័ព្ទដៃ Angkor SALAD App អំពី ទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្ម និងទឹក ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ អន្តរជាតិ និងអន្តរស្ថាប័នផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះកម្មវិធីនេះបានជួយជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មី ឱ្យបានទូលំទូលាយសម្រាប់ការគ្រប់គ្រង ការដាំដុះដំណាំបន្លែ ក៏ដូចជាការធ្វើអាជីវកម្មផ្គត់ផ្គង់ធាតុចូលកសិកម្ម តាមបែបទំនើបកម្ម Digital Platform ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នាបាន និងកំពុងយកចិត្តទុក ដាក់អនុវត្តន៍យ៉ាងខ្ជាប់ខ្ជូននូវវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

តាមរយៈប្រធានបទ ដែលលើកយកបង្ហាញបន្តបន្ទាប់នោះ ឯកឧត្តម វេង សាខុន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានចំណេះ ដឹងថ្មីៗបន្ថែម ទៀត យកទៅប្រើប្រាស់ ច្នៃប្រឌិត និងកែសម្រួលផលិតកម្មកសិកម្មឱ្យបាន សមស្របទៅ តាមស្ថានភាពភូមិសាស្រ្ត ជាពិសេសទឹក និងដី ការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មាន ប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់ ដើម្បីចូលរួមធ្វើទំនើបកម្មកសិកម្ម និងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម សមស្របតាមបរិបទដែលពិភពលោក ក៏ដូចកម្ពុជាយើងកំពុងប្រឈម។

ជាមួយគ្នានោះដែរ ឯកឧត្តម វេង សាខុន ក៏បានចែករំលែកទស្សនៈមួយ ចំនួនដើម្បីជា មូលដ្ឋានគន្លឹះយកទៅអនុវត្តន៍បន្ត មានដូចជា៖ ទី១. ត្រូវបន្តពង្រឹងភាព ជាដៃគូរវាងរដ្ឋ ឯកជន និងអ្នកផលិត តាមរយៈការកសាង និងអនុវត្តន៍គម្រោង កិច្ចសហប្រតិបត្តិការ នានាដែលទាក់ទងនឹងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។ ទី២. ស្នើ ក្រុមហ៊ុនអង្គរហ្គ្រីន និងអង្គការ ICCO-Cooperation បន្តកិច្ចសហការជាមួយអង្គភាពជំនាញ និងដៃគូពាក់ព័ន្ធ ទាំងអស់ បង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញលើការប្រើប្រាស់ Angkor SALAD App ជូនដល់អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ធ្វើការតាមដាន និងវាយតម្លៃ លើប្រសិទ្ធភាពនៃ ការប្រើប្រាស់កម្មវិធី។ ទី៣. បន្តជំរុញលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្មក្នុង ការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព។ ការប្រើប្រាស់ជី-ថ្នាំកសិកម្ម ត្រូវអនុវត្តន៍តាមបទ ដ្ឋានបច្ចេកទេសឱ្យបានម៉ឹងម៉ាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ បរិស្ថាន សុខភាពមនុស្ស សត្វមានប្រយោជន៍ និងចៀសវាងឥទ្ធិពលអវិជ្ជមានដល់ ការនាំចេញកសិផល។ ទី៤. ត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណ ភាពសុវត្ថិភាពផលិត ផលកសិកម្ម ដែលផលិតតាមស្តង់ដារ CamGAP&CamOrg ដើម្បី បង្កើនជំនឿទុកចិត្ត។ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP&CamOrg ឱ្យបាន កាន់តែទូលំទូលាយ។  ទី៥. ស្នើដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងគាំទ្រការ អនុវត្ត CamGAP&CamOrg ឱ្យបានទូលំទូលាយ ព្រមទាំង ត្រូវបន្តជំរុញការដាំដុះបន្លែ និងផ្លែឈើ ដែលមានឧត្តមភាពប្រកួតប្រជែងឱ្យបានគ្រប់រដូវ គោរពតាមស្តង់ដារភូតគាម អនាម័យខ្ពស់ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌនៃប្រទេសនាំចូល លើកកម្ពស់ផលិតផលក្នុង ស្រុក បង្កើនទំនុកចិត្តដល់អ្នកបរិភោគលើគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ព្រមទាំងចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាម គោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្ញើក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំសហការគ្នាឱ្យកាន់ តែស៊ីជម្រៅទូលំទូលាយ និងទទួលបានផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គពាក់ព័ន្ធ ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការគន្លឹះមួយ ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករជួបប្រទះ ក្រោមការជួយសម្រប សម្រួលគាំទ្រពីអង្គភាពជំនាញ ក្នុងស្មារតីយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩នេះ៕

ដោយ សាយ សុន (ប្រភព៖ ក្រសួងកសិកម្ម)

You do not have permission to write comment on this post.

Log in Register