សូលទីឡូអង្គរឈ្នះការប្រកួតលើកដំបូង នៅប្រកួតទី១០ ជាមួយនគរបាលជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១–ក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ បានយកឈ្នះជាលើកដំបូងដោយប្រជែងបាន៣ពិន្ទុជា លើកដំបូង ពីក្រុមភ្ញៀវ នគរបាលជាតិ នៅប្រកួតទី១០របស់ខ្លួន ដែល១ប្រកួតនេះ គឺជាការបំពេញសប្តាហ៍ទី៦ កាលពីល្ងាច ថ្ងៃ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ​ត្រូវនឹងថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

នៅក្នុងការប្រកួតវគ្គទី១ ក្រុមសូលទីឡូអង្គរ បានបើកការនាំមុខលើគូប្រជែង ២ទល់០ ដោយរកបានដោយកីឡាករ រ័ត្ន សំណាង នៅនាទី២៥ និងដោយកីឡាករ លី ឌុក នៅនាទី៤៥បូក៣។ ចូលដល់វគ្គទី២ ក្រុមនគរបាលជាតិ ធ្វើសម្រេចបាន២គ្រាប់តាមស្មើវិញ ដោយត្រឹមក្នុងតែ៤នាទីប៉ុណ្ណោះ ដោយរកបានដោយកីឡាករ OTANI SOMA នៅនាទី៧២ និងដោយកីឡាករ អុល រ៉ាវី នៅនាទី៧៥។ នៅក្នុងការប្រកួតដែលបន្ថែមម៉ោង៥នាទី បង្គ្រប់៩០នាទីនោះ កីឡាករ ដែលរកបានគ្រាប់ទី១ កីឡាករ រ័ត្ន សំណាង របស់សូលទីឡូអង្គរ ធ្វើសម្រេចបាន១គ្រាប់បន្ថែម នៅនាទី៩០បូក១។

ជាមួយនឹងការស្វែងរកជ័យជម្នះដំបូង និងរកបាន៣ពិន្ទុ នៅប្រកួតទី១០នេះ បានធ្វើឱ្យ​សូលទីឡូអង្គររំដោះខ្លួនចេញពីចំណាត់ថ្នាក់បាត តារាងលេខ១៣ ក្នុងចំណោម១៣ក្រុម។ ឆ្លងកាត់១០ប្រកួត សូលទីឡូអង្គរ មាន៤ពិន្ទុ ដោយឈ្នះ១ ស្មើ១ និងចាញ់៨ប្រកួត ហើយបាន ឡើងមកឈរលេខ១២ បណ្តោះអាសន្នវិញ។ ចំណែកក្រុមនគរបាលជាតិទើបនឹងលេងបាន៨ប្រកួតប៉ុណ្ណោះ ដោយស្មើ២ និងចាញ់៦ មាន២ពិន្ទុ ធ្លាក់ទៅឈរនៅលំដាប់បាតតារាងវិញ។

សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ នៅសល់១៦ប្រកួតនឹងត្រូវបញ្ចប់ជើងទី១ នាថ្ងៃទី១៥ ខែកញ្ញា ហើយ សម្រាប់ជើងទី២ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាអ្នកគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះ នឹងរៀបចំរូបមន្ តប្រកួតថ្មី ដោយចែកចេញពី២ក្រុមធំៗ ពោលគឺ៨ក្រុមខាងលើតារាងនឹងត្រូវប្រជែងជើងឯក ខណៈ៥ក្រុមខាងក្រោមនឹងត្រូវប្រកួតជម្រុះ ហើយ១ក្រុមបាតតារាងនឹងត្រូវកាត់ចោលទម្លាក់ទៅក្របខ័ណ្ឌលំដាប់ទី២ ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register