លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ — នាព្រឹកថ្ងៃ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និង លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ព្រមទាំង មានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការ មិនមែនរដ្ឋាភិបាល និងតំណាងសមាគមក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះក្នុងគោលបំណងសំខាន់គឺ៖ ១-ការផ្តល់លិខិតអញ្ជើញដល់អ្នកមាន ឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០២១, ២-ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះ ឆ្នោតឆ្នាំ២០២១,  ៣-ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១, ៤-នីតិវិធីនៃការស្នើសុំ និងការចេញ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។

លោក តេង វណ្ណឌី ប្រធានលេខាធិការ ដ្ឋានរៀបចំការបោះឆ្នោតប្រចាំខេត្តព្រះសីហនុ បានស្នើសុំឱ្យមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានទាំងអស់ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មន្ត្រីរបស់ខ្លួន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ឱ្យបានគ្រប់គ្នា។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថា អភិបាលក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស ចំពោះអ្នកទើបគ្រប់អាយុបោះឆ្នោតឱ្យទៅធ្វើការចុះឈ្មោះបោះឆ្នោតថ្មី ក៏ដូចជាជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ត្រូវទៅធ្វើការផ្ទៀងផ្ទាត់ ឈ្មោះឡើងវិញ ក្នុងករណីមានការបាត់ឈ្មោះបោះឆ្នោត ត្រូវរាយការណ៍ទៅគណៈកម្មការ រៀបចំការបោះឆ្នោតខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ ត្រូវពង្រឹងវិធានការរៀប ចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅចុះឈ្មោះបោះឆ្នោត ពិសេសរក្សាគម្លាត សុវត្ថិភាព និងគម្លាតសង្គម ជាការចាំបាច់បំផុតក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ 

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register