ឯកឧត្តម ឃួង ស្រេង៖ អត្រាឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានថយចុះជាបន្តបន្ទាប់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ — យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ ទាំង១៤ សហការជាមួយអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើកដំណើរ ការជាធម្មតាឡើងវិញនៅរាជធានីភ្នំពេញ  ទាំងវិស័យទេសចរណ៍ និងសាលារៀន ស្របទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់ មធ្យោបាយឈាន ទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)។

ឯកឧត្តមបន្តថា ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពីការចាក់វ៉ាក់ សាំងស្រោចជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ និងអនុគណៈកម្មការទាំង៣។ ឯកឧត្តម ឃួង ស្រេង បានបន្តថា យើងបានអនុវត្តការងារលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បាន ល្អប្រសើរ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នាដែលយើងត្រូវតែខិតខំប្រឹងប្រែង បន្តទៀត។

ជាមួយគ្នានោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ ឱ្យដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើ លទ្ធផលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ចុងក្រោយនេះ។   លទ្ធផល គឺពិតជាបានមកពីការចាក់វ៉ាក់សាំងស្រោចជូនប្រជាលរដ្ឋ និងការខិតខំប្រឹង ប្រែងរបស់ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងអនុគណៈកម្មការទាំង៣ផងដែរ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register