ក្រុមកម្ពុជា ប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលាព្រឹត្តិការណ៍ AFC U23 ASIAN CUP

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១–សហព័ន្ធកីឡាបាលល់ទាត់កម្ពុជាបានបង្ហាញកាលវិភាគសម្រាប់ការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022)ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវ​ប៉ះជាមួយក្រុម ហុងកុង និងជប៉ុន ក្នុងពូល K ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ។

២ប្រកួតរបស់ក្រុម U23 កម្ពុជា នៅក្នុងពូល K ត្រូវប្រកួតជាមួយក្រុមហុងកុង មុនគេ នាថ្ងៃទី២៣ ខែតុលា និងបន្តជួបជាមួយម្ចាស់ផ្ទះ ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ១ប្រកួតចុងក្រោយនៃវគ្គ​ជម្រុះនេះ គឺម្ចាស់ផ្ទះជប៉ុនត្រូវជួបជាមួយក្រុមហុងកុង។ ៣ប្រកួតនៃ វគ្គជម្រុះ ក្នុងពូល Kនេះនឹងត្រូវធ្វើឡើង​នៅកីឡដ្ឋាន J-Village (Fukushima)។

យោងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)បានឱ្យដឹងថា AFC U23 ASIAN CUP UZBEKISTAN 2022 វគ្គជម្រុះនេះមានក្រុមចូលរួម សរុបចំនួន ៤២ ដោយត្រូវបានបែងចែកជា ១១ ពូល។ AFC U23 Asian Cup ឆ្នាំ២០២២ គឺប្រទេសអ៊ូបេគីស្ថានបានបញ្ជាក់ពីទីតាំង របស់ពួក គេជាម្ចាស់ផ្ទះ​ជាលើកដំបូងដែល​ការ​ប្រកួតនឹងត្រូវរៀបចំឡើងនៅភូមិភាគកណ្តាល។ ការចាប់ឆ្នោតបានបែងចែកក្រុមជាពីរ តំបន់គឺតំបន់ ខាង លិច ដែលមានក្រុមចូលរួមចំនួន ២៣ និង១៩ក្រុមផ្សេងទៀត មកពីតំបន់ខាងត្បូង-កណ្តាល-ខាងកើត និងតំបន់អាស៊ាន។

សូមបញ្ជាក់ថា ការប្រកួតជម្រុះត្រូវបានកំណត់ពេលវេលា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែ​តុលាឆ្នាំ ២០២១។ បន្ទាប់ពីបញ្ចប់វគ្គជម្រុះ នៃពូលទាំង១១ គឺក្រុមចំណាត់ថ្នាក់លេខ១ ស្មើនឹង១១ក្រុម​នឹង​ឡើងទៅជុំផ្តាច់ព្រ័ត្រ។ ក្នុងនោះ៤ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតនឹងត្រូវជ្រើស​រើស​ចេញពីពូលទាំងនេះ ឡើងទៅជុំផ្តាច់ព្រ័ត្រដែរ សរុប១៥ក្រុម បូករួមទាំងក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន សរុប​១៦ក្រុម សម្រាប់វគ្គប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅ ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register